ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថ្ងៃសិរីសួស្តី ចូលរោងការកូន ស្រាប់តែឪពុកកូនក្រមុំជម្ងឺចាស់រើឡើងធ្វើទុក្ខខ្លាំង ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ

    BY Khmernote Media January 27, 2021
    ថ្ងៃសិរីសួស្តី ចូលរោងការកូន ស្រាប់តែឪពុកកូនក្រមុំជម្ងឺចាស់រើឡើងធ្វើទុក្ខខ្លាំង ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ

    រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីកូនកំលោះកូនក្រមុំកំពុងចូលរោងការ ស្រាប់តែឪពុកកូនក្រមុំជម្ងឺចាស់រើឡើង ដោយសារស្ថានភាពធ្ងន់ធ្ងរ ក៏ហៅរថយន្តសង្គ្រោះអង្គភាព៧១១ នៃកងពលតូចលេខ៧០ មកដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង០៥:៥០នាទីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅផ្ទះរៀបមង្គលការខាងស្រី ភូមិទួលកី សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

    បុរសរងគ្រោះឈ្មោះ ស៊ុំ ធូ អាយុ៥០ឆ្នាំ មានជំងឺប្រចាំកាយធ្ងន់ធ្ងរ(ក្រិនថ្លើម) ធ្វើទុក្ខខ្លាំងចំពេលចូលរោងមង្គលការកូនស្រី។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា ជនរងគ្រោះជាឪពុកខាងកូនស្រីគាត់មានជំងឺក្រិនថ្លើមជាយូរមកហើយ កន្លងមកក៏ធ្លាប់ធ្វើទុក្ខម្តងៗដែរ ។ លុះមកដល់ថ្ងៃកើតហេតុ ដែលជាថ្ងៃសិរីសួស្តី ចូលរោងជ័យមង្គលការកូនស្រី ខណៈកំពុងអង្គុយធ្វើពិធីចូលរោងជ័យ ស្រាប់តែឪពុកកូនក្រមុំជម្ងឺចាស់ធ្វើទុក្ខខ្លាំង ដល់ថ្នាក់ទ្រាំលែងបាន ទើបក្រុមគ្រួសារក៏បានទំនាក់ទំនងស្នើសុំរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដើម្បីមកដឹកយកទៅមន្ទីរពេទ្យផង។

    បច្ចុប្បន្នជនរងគ្រោះជាឪពុកខាងកូនស្រីត្រូវបានក្រុមសង្គ្រោះ៧១១ មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) ដើម្បីសម្រាកនិងព្យាបាលសិនផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: