ទូតកម្ពុជាប្រចាំប្រទេសថៃ ចុះសួរសុខទុក្ខនិងចែកអំណោយដល់ពលករខ្មែរចំនួន៧០គ្រួសារ នៅខេត្តសមុទ្រប្រាកាន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩
ស្ថានទូតខ្មែរ៖ យោងតាមការចុះផ្សាយផេក ហ្វេសប៊ុកផ្ទាល់ របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានឲ្យដឹងថា៖ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងមន្ត្រីការទូត បានសហការជាមួយអាជ្ញាធរស្រុកបាងភ្លី ដែលមានការចូលរួមពីអភិបាលស្រុក ប៉ូលិសស្រុក និងតំណាងមន្ទីរសុខាភិបាល ចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគរួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ប្រេងឆា អំបិល និងម៉ាស់ ដល់ពលករខ្មែរចំនួន ៧០គ្រួសារ និងថវិកាមួយចំនួនដល់ក្មេងៗជាង៣០នាក់ ដែលរងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩ ស្ថិតនៅឃុំបាងផ្លា ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន។

ទន្ទឹមនេះ ឯកឧត្តមទូតក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមរដ្ឋមន្រ្តីការងារ អ៊ិត សំហេង ដែលតែងតែយកចិត្តទុកដាក់និងគិតគូរ សុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសតែងតែបានណែនាំឲ្យស្ថានទូតជួយពលរដ្ឋខ្មែរនៅក្រៅប្រទេសឲ្យអស់ពីលទ្ធភាព។
ក្នុងនោះ ឯកឧត្តមឯកអគ្គរាជទូតបានណែនាំបងប្អូនពលករ បន្តចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធថៃ ក្នុងការអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាលថៃអោយបានខ្ជាប់ខ្ជួន និងកាន់តែសកម្មថែមទៀតដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងករណីបងប្អូនពលករមានបញ្ហាសូមធ្វើការទំនាក់ទំនងមកស្ថានទូតតាមរយៈលេខទូរស័ព្ទ និងហ្វេសប៊ុកផេកស្ថានទូត ដើម្បីជួយដោះស្រាយបងប្អូន។
ឯកឧត្តមទូត សូមគោរពបញ្ជាក់ថា ឯកឧត្តម និងក្រុមការងារបានអនុវត្តនូវគោលការណ៍សុខាភិបាលត្រឹមត្រូវ ដូចជាពាក់ម៉ាស់ លាងដៃនឹងជែលអាល់កុល និងមានគម្លាតសង្គម ដោយមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានរបស់ថៃ ៕









