ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បញ្ជាក់ថា រថយន្តដែលផ្ទុកទំនិញមិនត្រឹមត្រូវតាមច្បាប់កំណត់ នឹងត្រូវពិន័យពី ១៥០.០០០៛ ដល់ ៣០០.០០០៛

    BY Khmernote Media January 28, 2021
    នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បញ្ជាក់ថា រថយន្តដែលផ្ទុកទំនិញមិនត្រឹមត្រូវតាមច្បាប់កំណត់ នឹងត្រូវពិន័យពី ១៥០.០០០៛ ដល់ ៣០០.០០០៛

    កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីរថយន្តមួយគ្រឿង បានដឹកទុយោទឹកខុសបច្ចេកទេស ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់រថយន្ត ដើម្បីធ្វើការផាកពិន័យ និងណែនាំ ប៉ុន្តែបែរជាត្រូវម្ចាស់រថយន្តមិនសហការ និងប្រើពាក្យសម្តីមិនសមរម្យដាក់សមត្ថកិច្ចថែមទៀតផង។ ជុំវិញករណីនេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានចេញសេចក្តីបំភ្លឺព័ត៌មាន ជូនសាធារណជន បណ្ដាញទំនាក់ទំនងសង្គម នូវសេចក្តីបំភ្លឺព័ត៌មានបឋម ដូចខាងក្រោម៖

    ផ្អែកតាមមាត្រា៥៦ ការរៀបចំផ្ទុកទំនិញ ត្រូវអនុវត្ដដូចខាងក្រោម៖

    ១-ការផ្ទុកទំនិញលើយានជំនិះ ត្រូវរៀបចំឲ្យត្រឹមត្រូវដើម្បីការពារនឹង៖
    -ការបង្កគ្រោះថ្នាក់ដល់មនុស្ស ឬការធ្វើឲ្យខូចទ្រព្យសម្បត្ដិសាធារណៈ ឬឯកជន ដោយការអូស ឬធ្លាក់តាមផ្លូវ
    -ការបាំងភ្នែកអ្នកបើកបរឬការធ្វើឲ្យអន់ថយដល់លំនឹងយាន និងការបើកបរយាន
    -ការបង្កឲ្យមានសំឡេង ឬការបង្កើនធូលី ឬការធ្វើឲ្យរំខានផ្សេងៗទៀតដែលអាចជៀសវាងបាន
    -ការធ្វើឲ្យបាំងភ្លើងស្ដុប ភ្លើងសញ្ញាប្ដូរទិស កញ្ចក់ចាំងពន្លឺ និងផ្លាកលេខយានយន្ដ។

    ២-គ្រប់ឧបករណ៍ការពារបន្ថែមដូចជាខ្សែនីឡុង ខ្សែកាបច្រវាក់ និងកម្រាលសំពត់ តង់ដែលប្រើប្រាស់សម្រាប់សុវត្ថិភាព ឬការពារទំនិញ ត្រូវគ្របនិងចងឲ្យបានជាប់ល្អ។

    ៣-ក្នុងគ្រប់ករណីនៃការផ្ទុកវត្ថុផ្សេងៗដែលមានបណ្ដោយវែង បន្ទុកនោះមិនត្រូវឲ្យលូតហួសពីគែមខាងមុខនៃយាន និងមិនត្រូវឲ្យហួសពីគែមខាងក្រោយនៃយានប្រវែង៣(បី)ម៉ែត្រ ឬធ្លាក់អូសដីឡើយ។

    ៤-ប្រសិនបើបន្ទុកត្រូវលូតហួស១(មួយ)ម៉ែត្រពីគែមខាងក្រោយនៃយាន ពេលថ្ងៃត្រូវចង ក្រណាត់ពណ៌ក្រហម ពេលយប់ត្រូវដាក់កញ្ចក់ចាំងពន្លឺពណ៌ក្រហមនៅចុងបន្ទុក។ ទទឹងបន្ទុកមិនត្រូវឲ្យលើសហួសពីគែមទទឹងយាន ហើយកម្ពស់មិនត្រូវឲ្យហួសលើសពីដំបូលយានឡើយ លើកលែងតែរថយន្ដផ្ទុកមនុស្សចំនួនអតិបរមាត្រឹម២០(ម្ភៃ)នាក់ ដែលអាចផ្ទុកទំនិញកម្ពស់អតិបរមាត្រឹម០,៥០(សូន្យក្បៀសហាសិប)ម៉ែត្រពីលើដំបូល និងត្រូវមានជើងទម្រឬរនាំងចាប់ភ្ជាប់ដំបូលយ៉ាងរឹងមាំ។

    ប្រសិន​អ្នកបើកបរអនុវត្តផ្ទុយពីខ្លឹមសារនៃមាត្រា៥៦ សមត្ថកិច្ចអាច​ឃាត់ពិន័យ​ ពីបទល្មើសការផ្ទុក ដោយពិន័យ ១៥០.០០០៛ ចំពោះរថយន្តធុនស្រាល និង ៣០០.០០០៛ ចំពោះរថយន្តធុនធ្ងន់។ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងចាត់វិធានការបន្តចំពោះករណីនេះ។

    ប្រភព៖ ការពិត GCNP

    Share This Post: