ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    Update: ព័ត៌មានលម្អិតករណីបុគ្គលិកផ្ទះសំណាក់ម្នាក់ស្លាប់ ក្រោយត្រូវភ្ញៀវចូលស្នាក់នៅស.ម្លា.ប់ រួចលួចយកម៉ូតូទៅបាត់

    BY Khmernote Media January 28, 2021
    Update: ព័ត៌មានលម្អិតករណីបុគ្គលិកផ្ទះសំណាក់ម្នាក់ស្លាប់ ក្រោយត្រូវភ្ញៀវចូលស្នាក់នៅស.ម្លា.ប់ រួចលួចយកម៉ូតូទៅបាត់

    ក្រុងតាខ្មៅ៖ សេចក្ដីរាយការណ៍បឋមបានអោយក្រុមការងារខ្មែរណូតដឹងថា មានករណីឃាតកម្មសម្លាប់ បុគ្គលិកផ្ទះសំណាក់ម្នាក់ស្លាប់ក្នុងបន្ទប់ រួចយកម៉ូតូ មួយគ្រឿងជិះរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះសំណាក់ រាយការណ៍ប្រាប់សមត្ថកិច្ចមូលក្រុងតាខ្មៅ ចុះពិនិត្យមើលទាំងព្រឹក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧៖៤០នាទីព្រឹកព្រលឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចបន្ទប់ផ្ទះសំណាក់មួយកន្លែងយីហោ362 ផ្លូវលំ ទល់មុខផ្សារតាខ្មៅថ្មី ក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    ជនរងគ្រោះមានឈ្មោះ ចាន់ សុខឃាង ហៅបុរី អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧ អនុវិទ្យាល័យព្រែកតាពៅ និងជាបុគ្គលិក រៀបចំបន្ទប់ ផ្ទះសំណាក់ ៣៦២(កើតហេតុ) មានស្រុកកំណើតនៅខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលមួយកន្លែង ផ្លូវលំ ក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល (ជិតកន្លែងហេតុ)។ ជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ ។

    តាមប្រភពព័ត៌មានបានដឹងទៀតថា ជនសង្ស័យបានចូលទៅស្នាក់ក្នុងផ្ទះសំណាក់ខាងលើបន្ទប់លេខ៧ ហើយបានហៅស្រាបៀរដែលមានលក់ក្នុងផ្ទះសំណាក់នោះ ដោយជនសង្ស័យជាអ្នកយកទៅផ្ទាល់។ ហើយជនសង្ស័យបានធ្វើការលួចម៉ូតូ កាច់ច្រវ៉ាក់ទ្វាររបងខាងក្រៅចេញទៅ។ លុះព្រឹកឡើងម៉ោងជិត៦ព្រឹក ទើបម្ចាស់ផ្ទះសំណាក់បានចេញមកឃើញរបស់ទ្វារដាច់ច្រវ៉ាក់ដែលចាក់សោរម៉ូតូ២គ្រឿងជាប់គ្នា តែបាត់មួយគ្រឿង និងរកមើលក្មេងប្រុសដែលជាអ្នកមើលការវេនយប់ ស្រាប់តែស្លាប់ដោយមានសភាព យកកន្សែងពោះគោចងរឹតកស្លាប់ក្នុងបន្ទប់លេខ៧ ដែលភ្ញៀវមកជួលស្នាក់នៅនោះ ចំណែកម្តាយជនរងគ្រោះមើលការនៅពេលថ្ងៃ ជនរងគ្រោះទើបតែចូលធ្វើការបាន៤ទៅ៥ខែប៉ុណ្ណោះ ។

    យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានអោយខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨៖១៥នាទី ដោយជនរងគ្រោះបានចូលមកធ្វើការនៅក្នុងផ្ទះសំណាក់៣៦២ដូចសព្វដង ។ លុះដល់ម៉ោង១៩៖៣០នាទីម្ចាស់ផ្ទះសំណាក់បានយកម៉ូតូរបស់ខ្លួនម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មកទុកនៅមុខបន្ទប់ដេករបស់ខ្លួន ដោយចាក់សោរក និងយកសោរកងជ័រ ពណ៌ក្រហម មកចាក់ជាប់គ្នាជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកYAMAHA ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1HS-5192។ លុះដល់ម៉ោងប្រហែល១៩៖៤០នាទី មានភ្ញៀវ២នាក់ មិនស្គាល់អត្តសញ្ញាណបានចុះបញ្ជីក្នុងសៀវភៅចូលសម្រាកបន្ទប់លេខ៧ធម្មតា ។ លុះដល់ម៉ោង២១៖៣០នាទីថ្ងៃដដែល ម្ចាស់ផ្ទះសំណាក់ក៏នាំគ្នាចូលដេកអស់ទុកអោយជនរងគ្រោះមើលការខុសត្រូវតែម្នាក់ឯង ។ លុះដល់ម៉ោងប្រហែល៣៖១៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ ភ្ញៀវដែលស្នាក់នៅក្នុងបន្ទប់លេខ៧ បានឲ្យបុគ្គលិកយកស្រាបៀរអាន់ឆ័រ ចំនួន៤កំប៉ុង ចូលទៅក្នុងបន្ទប់របស់ខ្លួនស្នាក់នៅ ។ បន្ទាប់មក ជនសង្ស័យក៏បានធ្វើសកម្មភាពរឹតកសម្លាប់ជនរងគ្រោះ បណ្តាលឲ្យស្លាប់ក្នុងបន្ទប់ តាមការពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាព ។

    ដល់ម៉ោង៥៖៣០នាទីម្ចាស់ផ្ទះសំណាក់ក៏ភ្ញាក់ពីដេកបើកទ្វារចេញមកខាងក្រៅមើលមកម៉ូតូរបស់ខ្លួនក៏ស្រាប់តែបាត់មិនឃើញរួចរកមើលជនរងគ្រោះ ក៏ស្រាប់តែបាត់មិនឃើញនៅតែស្បែកជើងនិងកង្ហា បើកទុកចោលបន្ទាប់មកម្ចាស់ផ្ទះសំណាក់ក៏ដើររកជនរងគ្រោះមិនឃើញក៏ទៅឆែកកាមេរ៉ា មើលឃើញជនសង្ស័យម្នាក់នៅបន្ទប់លេខ៧ ជាអ្នកលួចម៉ូតូ។ ក្រោយមកម្ចាស់ផ្ទះសំណាក់ក៏ដើរចូលទៅបើកទ្វារបន្ទប់លេខ៧ក៏ជាប់សោរបើកមិនរួចហើយម្ចាស់ផ្ទះ យកសោរបន្ទប់ទៅចាក់ទ្វារបន្ទប់មើលឃើញមានមនុស្សម្នាក់ដេកនៅលើគ្រែតែម្នាក់ឯង ហេីយគ្របកន្សែងពោះគោនិងយកខ្នើយដាក់ពីលើមុខ ឃើញដូច្នេះម្ចាស់ផ្ទះសំណាក់ក៏ប្រញាប់ទៅបើកមើលឃើញជនរងគ្រោះត្រូវបានគេសម្លាប់បាត់ទៅហើយ ។

    បច្ចុប្បន្នម្ចាស់ផ្ទះសំណាក់ប្រញាប់ប្រញាល់ទំនាក់ទំនងរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលដេីមមៀន សហការជាមួយជំនាញពាក់ព័ន្ធនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រួមទាំង ជំនាញ កោសល្យវិច្ឆ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចុះមកហ៊ុមព័ទ្ធជុំវិញកន្លែងកើតហេតុ ធ្វើការសាកសួរ ដំណើររឿងហេតុ និងស្រាវជ្រាវតាមជំនាញ ៕


    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: