ខឹងសមត្ថកិច្ចផាកពិន័យ ដោយសារបើកបរល្មើសច្បាប់ បែរបង្ហោះបែបនេះក្នុងហ្វេសប៊ុក ចុងក្រោយចូលទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យាឈប់ធ្វើបែបនេះទៀត
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានឃេីញការចុះផ្សាយនៅលើផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឈ្មោះ ឡា កុសល់ ភេទប្រុស អាយុ២០ឆ្នាំ បានចូលខ្លួនមកទទួលកំហុសរបស់ខ្លួនដែលបានប្រើប្រាស់គណនីហ្វេបុកឈ្មោះ La kosal ធ្វើការបង្ហោះព័ត៌មានមិនពិតមើលងាយដល់សមត្ថកិច្ច ក៏ដូចជាបង្ខូចកិត្តយសមត្ថកិច្ច បន្ទាប់ពីរូបគាត់ត្រូវបានសម្ថកិច្ចធ្វេីការផាកពិន័យ ដោយគាត់បានបើកបរល្មើសច្បាប់ចរាចរណ៍ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចស្តុបស្ថានទូតវៀតណាម ពីបទល្មើសភ្លើងសញ្ញាចរាចរណ៍ដោយសារតែការខឹង និងខ្វះការពិចារណាមួយពេល ក៏បានបង្ហោះសារជាអក្សរក្នុង ហ្វេសបុក នូវព័ត៌មានមិនពិត កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដែលមានខ្លឹមសារធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូ របស់នគរបាលជាតិ។

ម្ចាស់ហ្វេសបុករូបនេះបានទទួលស្គាល់នូវកំហុស និងសូមសន្យាថាឈប់ប្រព្រឹត្តអំពើបែបនេះតទៅទៀតហើយ។ អាស្រ័យហេតុនេះសូមបងៗសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់ និងលើកលែងទោសដល់រូបគាត់ផង ។ ជាចុងបញ្ចប់ម្ចាស់ហ្វេសបុករូបនេះសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ខ្លួនឯង និងអ្នកដ៏ទៃ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ