Real Madrid ប្រកាសជាសារធារណៈថា៖ ក្លឹបមិនទាន់មានគម្រោងទិញ Neymar ពី PSG ឡើយ
- July 14, 2018
ក្លឹបអធិរាជសរ Real Madrid បានចេញសេចក្ដីថ្លែងការណ៍មួយទាក់ទងនឹងការផ្ទេរខ្សែប្រយុទ្ធ Neymar មកកាន់ Real Madrid ថាជារឿងមិនពិត។
កាលពីព្រឹកមិញនេះក្លឹបអធិរាជសរ Real Madrid បានបង្ហោះសារមួយនៅក្នុងបណ្ដាញសង្គមរបស់ពួកគេថា៖ ក្លឹបគ្មានគម្រោងទិញខ្សែប្រយុទ្ធ Neymar ពីក្លឹបអ្នកមានបារាំង PSG ឡើយ ហើយក្លឹបបានប្រកាសថានឹងច្រានចោលទាំងអស់រាល់ពាក្យចចាមអារ៉ាមថាក្លឹបបានចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Neymar មកកាន់ក្លឹបអធិរាជសរ Real Madrid ក្នុងរដូវក្ដៅនេះ។

ការបង្ហោះសាររបស់ Real Madrid នេះធ្វើឡើងបន្ទាប់ពីក្លឹបអធិរាជសរ Real Madrid យល់ព្រមលក់ខ្សែប្រយុទ្ធ Cristiano Ronaldo ទៅឲ្យក្លឹបសេះបង្កង់ Juventus នៅក្នុងតម្លៃ 100លានអឺរ៉ូ។ ពាក្យចចាមអារ៉ាមទាំងនោះបានផ្ទុះខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះថា Neymar នឹងមកជំនួសដំណែងរបស់ Ronaldo នៅក្នុងក្លឹប Real Madrid។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ Real Madrid បានឲ្យដឹងថា៖ ក្លឹប Real Madrid CF ចង់បញ្ជាក់ថាពួកគេមិនមានគម្រោងដាក់សំណើរណាមួយសម្រាប់ការសុំទិញ Neymar ពី PSG ឡើយ។ ទំនាក់ទំនងរបស់ពួកគេជាមួយនឹងក្លឹប PSG គឺមានភាពល្អប្រសើរ ហើយក្លឹបក៏មិនទាន់មានគម្រោងទិញកីឡាករណាម្នាក់ពីក្លឹប PSG ដែរ។

បុត្រ
ប្រភព៖ Goal
- Share This Post:






