ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានទូតកម្ពុជានៅវៀតណាម អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅវៀតណាម អនុវត្តវិធានការការពារសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ក្រោយរកឃើញនូវបណ្តុំ នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាច្រើនករណី

    BY Khmernote Media January 29, 2021
    ស្ថានទូតកម្ពុជានៅវៀតណាម អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅវៀតណាម អនុវត្តវិធានការការពារសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ក្រោយរកឃើញនូវបណ្តុំ នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាច្រើនករណី

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានជូនដំណឹងដល់ ​និស្សិត​ សិក្ខាកាម​នគរបាល​-យោធា​ និង​​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​សិក្សា​ស្នាក់នៅ ​ឬ​កំពុង​មានវត្តមានក្នុង​ប្រទេស​វៀតណាម ត្រូវ​អនុវត្តវិធានការការពារសុវត្ថិភាព និងការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន បន្ទាប់ពីប្រទេសវៀតណាម បានរកឃើញនូវបណ្តុំ នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ចំនួន ៨៤ករណី នៅខេត្ត Hai Duong និងខេត្ត Quang Ninh ។

    ក្នុងសេចក្តីជូនដំណឹងរបស់ស្ថានទូត បានបញ្ជាក់ថា តាមសារព័ត៌មាន​វៀតណាម (Viet Nam News​) ចុះផ្សាយ​ថ្ងៃទី ២៩ ខែមករា​ឆ្នាំ ២០២១ បានឱ្យ​ដឹង​ថា ​បន្ទាប់ពី​បាន​រក​ឃើញ​នូវ​ប​ណ្តុំ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ-១៩ ក្នុង​សហគមន៍​ចំនួន ៨៤ ករណី​នៅ​ខេត្ត Hai Duong និង​ខេត្ត Quang Ninh នាយករដ្ឋមន្ត្រី​វៀតណាម​បាន​បញ្ជា​ឱ្យ​បិទ​ក្រុង Chi Linh និង​អាកាសយានដ្ឋាន​ Vân​Đôn ​រយៈ​ពេល ២១ ថ្ងៃ​។ ករណី​ឆ្លង​ជាច្រើន​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ខេត្ត​Hài Duong ។

    ជាមួយគ្នានោះប្រជាជន​ក្នុងស្រុក​ត្រូវ​បាន​ស្នើ​ឱ្យ​ស្នាក់នៅ​ក្នុងផ្ទះ ​ប៉ុន្តែ​អាច​ចេញពីផ្ទះ​សម្រាប់​តម្រូវការ​ចាំបាច់​ដូចជា​ទិញ​អាហារ ​ថ្នាំសង្កូវ​ ឬ​ករណី​សង្គ្រោះ​បន្ទាន់​ ព្រមទាំង​ទៅ​ធ្វើការងារ ​នៅ​តាម​ភ្នាក់ងារ​រោងចក្រ​សហគ្រាស​និង​សេវាកម្ម​ ដែល​ចាំបាច់​ និង​ដែល​មិន​ត្រូវ​បាន​បិទ​។

    ដោយឡែកនៅ​តាម​ទី​សាធារណៈ​ការ​ជួបជុំ​មនុស្ស​លើស​ពី​ពីរ​នាក់ ​ត្រូវ​បាន​ហាមឃាត់​និង​ត្រូវ​រក្សា​ចម្ងាយ ២ ម៉ែត្រ​ពី​គ្នា​។ សាលារៀន​កន្លែង​កម្សាន្ត​ និង​អាជីវកម្ម​មិន​ចាំបាច់​ទាំង​អស់​ត្រូវ​បាន​បិទទ្វារ​។ សេវា​ដឹកជញ្ជូន​សាធារណៈ​ ចេញពី​ទីក្រុង Chi Linh ត្រូវ​បាន​ផ្អាក ​លើកលែងតែ​ករណី​ផ្លូវការ​ឬ​តម្រូវការ​បន្ទាន់​។ ប្រជាជន​ត្រូវ​បាន​ស្នើ​ឱ្យ​ពាក់​ម៉ាស​ រក្សា​គម្លាត​ និង​ជៀសវាង​ការ​ជួបជុំ​គ្នា​។ ខេត្តទាំងនោះ​ក៏បាន​រៀបចំ​របាំង ​និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​ដើម្បី​គ្រប់គ្រង​ការ​ចូល​និង​ចេញពី​ខេត្ត​។ តំបន់​ជាច្រើន​នៅក្នុង​ប្រទេស​ដូចជា​ទីក្រុង​ហូជីមិញ ​ដា​ណា​ង ​ខេត្ត​Bác Giang និង​Nghè An ក៏បាន​ស្នើ​មិន​ឱ្យ​មានការ​ជួបជុំ​មនុស្ស​ច្រើន​កាត់បន្ថយ​ពិធីបុណ្យ​នានា ​និង​អនុវត្ត​វិធានការ​សុវត្ថិភាព​។

    ទាក់ទិននឹងការរកឃើញនូវបណ្តុំ នៃការឆ្លងជំងឺកូវីដ-១៩ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានអំពាវនាវដល់​និស្សិត​ សិក្ខាកាម​នគរបាល​-យោធា​និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ​កំពុង​មានវត្តមានក្នុង​ប្រទេស​វៀតណាម​ អនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព​ការ​ពាក់​ម៉ាស ​លាងដៃ ​ការ​រក្សា​អនាម័យ ​និង​បន្ត​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្លួន ​ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វី​ដ -១៩ ជាយថាហេតុ​។ ស្ថានទូតបានបញ្ជាក់ថា ក្នុងករណីបន្ទាន់​សូម​ទំនាក់ទំនង​ផ្នែក​កិច្ចការ​កុងស៊ុល​របស់​ស្ថានទូត (+៨៤ ៣៩៤២៤៧៨៨​)៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: