អន្តរជាតិ

សហរដ្ឋអាមេរិកកំពុងពិចារណាការដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពពាក់ព័ន្ធនឹងយោធាមីយ៉ាន់ម៉ា

BY
autoadmin
February 5, 2021

មន្ត្រីសេតវិមានបាននិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាការដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពពាក់ព័ន្ធនឹងយោធាមីយ៉ាន់ម៉ា ដែលបានដណ្តើមអំណាចតាមរយៈរដ្ឋប្រហារកាលពីថ្ងៃច័ន្ទ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយបាននិយាយថា៖«យើងកំពុងពិនិត្យមើលលទ្ធភាពនៃបទបញ្ជាប្រតិបត្តិថ្មី ហើយយើងក៏កំពុងពិនិត្យមើលការដាក់ទណ្ឌកម្មគោលដៅជាក់លាក់ទាំងលើបុគ្គល និងអង្គភាពដែលគ្រប់គ្រងដោយយោធា»។

ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើង បន្ទាប់ពីមានការថ្កោលទោសយ៉ាងខ្លាំងរបស់ប្រធានាធិបតីលោក ចូ បៃដិន ចំពោះការធ្វើរដ្ឋប្រហារ និងការគំរាមដាក់ទណ្ឌកម្មរបស់លោក។ លោក Sullivan បានបន្ថែមទៀតថា សហរដ្ឋអាមេរិកក៏នឹងធ្វើការជាមួយសភាសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួននៅជុំវិញពិភពលោក អំពីរបៀបឆ្លើយតបលើបញ្ហានៅប្រទេសមីយ៉ាន់ម៉ានេះ។ អ្នកខ្លះនិយាយថា ការស្វែងរកការសន្ទនាក៏ជាជម្រើសមួយដែរ ពីព្រោះសម្ពាធបន្ថែមទៀតលើមីយ៉ាន់ម៉ា អាចជំរុញឱ្យកាន់តែមានភាពជិតស្និទ្ធជាមួយចិន។

នៅពេលសួរថា តើលោក ចូ បៃដិន នឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ឬអត់នោះ លោក Sullivan បាននិយាយថា៖«យើងកំពុងធ្វើការពិនិត្យឡើងវិញនូវគោលនយោបាយរបស់យើងចំពោះប្រទេសកូរ៉េខាងជើង»។ ចំណែកលោក បៃដិន ត្រូវបានគេដកស្រង់សំដីដោយនិយាយថា សហរដ្ឋអាមេរិកនឹងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ជាពិសេសកូរ៉េខាងត្បូង និងជប៉ុន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: