អឺរ៉ុប ជប៉ុន និងកាណាដា ចេញសេចក្តីថ្លែងការរួមបង្ហាញពីការប្រឹងប្រែងធានាសុវត្ថិភាពការធ្វើដំណើរតាមច្រកសមុទ្រហ័រមូសនិងស្ថិរភាពថាមពលសកល
អង់គ្លេស៖ ក្រុមប្រទេសនៅអឺរ៉ុប ជប៉ុន និងប្រទេសកាណាដា បានចេញសេចក្តីថ្លែងការរួមគ្នាមួយដែលមានខ្លឹមសារថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការខិតខំប្រឹងប្រែងសមស្របគ្រប់បែបយ៉ាង ដើម្បីធានាបាននូវការធ្វើដំណើរដោយសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រហ័រមូស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែមីនា។ ក្រុមប្រទេសអឺរ៉ុប ដែលមានវត្តមាននៅក្នុងសេចក្តីថ្លែងការនេះមានដូចជា ប្រទេសអង់គ្លេស អាឡឺម៉ង់ បារាំង អ៊ីតាលី និងហូឡង់។

ប្រភពខាងលើបានបន្តថា នៅក្នុងសេចក្តីថ្លែងការរួម ក្រុមប្រទេសធំៗទាំងអស់ខាងលើនេះក៏បានអះអាងនឹងចាត់វិធានការដើម្បីធ្វើឱ្យទីផ្សារថាមពលមានស្ថិរភាពផងដែរ។ គួររម្លឹកជូនថា ច្រកសមុទ្រហ័រមូសគឺជាផ្លូវទឹកដ៏សំខាន់ៗមួយសម្រាប់ការនាំប្រេងចេញទៅកាន់ទីផ្សារក្នុងពិភពលោក ខណៈក្រោយមានការផ្ទុះឡើងនូវសង្គ្រាមអាមេរិកនិងអឺរ៉ង់ ប្រទេសអឺរ៉ង់បានគំរាមថា នឹងបាញ់កម្ទេចគ្រប់នាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ។ ដោយសារមានការគំរាមនេះហើយ ទើបនាវាដឹកប្រេងជាច្រើនមិនហ៊ានបើកឆ្លងកាត់ច្រកសមុទ្រនេះទេ ហើយកត្តានេះបានធ្វើឱ្យតម្លៃប្រេងឥន្ទនៈសកលត្រូវឡើងថ្លៃយ៉ាងខ្ពស់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time