អង់គ្លេសនិងវែល ផ្តើមអនុវត្តច្បាប់តឹងរឹងចំពោះអ្នកចូលទស្សនាបាល់ទាត់ដោយគ្មានសំបុត្រ ដោយចាត់ទុកជា “បទល្មើសព្រហ្មទណ្ឌ”
អង់គ្លេស៖ ប្រទេសអង់គ្លេសនិងប្រទេសវែល នឹងអនុវត្តច្បាប់ដ៏តឹងរឹងមួយចំពោះក្រុមអ្នកចូលទស្សនាបាល់ទាត់ដោយគ្មានសំបុត្រ ពោលគឺវាត្រូវបានចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២០ ខែមីនា។ តាមគម្រោងគឺច្បាប់ដ៏តឹងរឹងខាងលើនេះនឹងត្រូវចាប់ផ្តើមអនុវត្តនៅមុនថ្ងៃអាទិត្យនេះ ដែលជាថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup រវាងក្រុម Arsenal និងក្រុម Manchester City។

ក្នុងការអនុវត្តច្បាប់ថ្មីខាងលើនេះ អ្នកប្រព្រឹត្តិបទល្មើសក៏ត្រូវប្រឈមនឹងការពិន័យយ៉ាងធ្ងន់ធ្ងរផងដែរ ដោយការពិន័យនោះមានទាំងការពិន័យជាប្រាក់រហូតដល់ ១,០០០អឺរ៉ូ និងហាមមិនឱ្យចូលទស្សនាបាល់ទាត់រហូត ៥ឆ្នាំ។ សូមបញ្ជាក់ជូនថា ការអនុវត្តច្បាប់ដ៏តឹងរឹងខាងលើនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដ្បិតនាពេលកន្លងមកការសម្រុកចូលទៅមើលបាល់ទាត់ក្នុងពានរង្វាន់ធំៗពីសំណាក់ក្រុមអ្នកគ្មានសំបុត្របានធ្វើឱ្យមានការប្រមូលផ្តុំហ្វូងមនុស្សច្រើនលើសស្តង់ដារសុវត្ថិភាព និងបង្កឱ្យមានភាពរញ៉េរញ៉ៃយ៉ាងខ្លាំងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖BBC