អន្តរជាតិ

ប្រធានាធិបតីបារាំងនិយាយថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ចិន គ្មានព័ត៌មានច្បាស់លាស់ទេ

BY
autoadmin
February 6, 2021

ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍នេះ បានព្រមានអំពីកង្វះខាតព័ត៌មានអំពីវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសចិន ដោយនិយាយថា វាអាចជំរុញឱ្យមានការអភិវឌ្ឍប្រភេទថ្មីៗ (coronavirus variants) ប្រសិនបើវ៉ាក់សាំងមិនមានប្រសិទ្ធភាព។ ថ្លែងទៅកាន់កិច្ចពិភាក្សាមួយជាមួយអង្គការ Atlantic Council លោក Macron ក៏ទទួលស្គាល់ពីជោគជ័យការទូតរបស់ប្រទេសចិន ក្នុងការចែកចាយវ៉ាក់សាំងទៅកាន់ប្រទេសនានា និងបានបន្ថែមថា វាជារឿងអាម៉ាស់បន្ដិចសម្រាប់មេដឹកនាំលោកខាងលិច។

លោក Emmanuel Macron បានព្រមានថា ប្រសិទ្ធភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharma ឬ Sinovac គឺនៅតែមិនច្បាស់លាស់នៅឡើយ ដោយសារថាគ្មានទិន្នន័យនៃការសិក្សាសាកល្បង។ គួរឱ្យដឹងដែរថា ជាធម្មតាពត៌មានអំពីវ៉ាក់សាំងបង្ការអ្វីមួយ មិនថាជាជំងឺ COVID-19 នោះទេ គឺវានឹងត្រូវបង្ហោះទៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រណាមួយ ដើម្បីបើកឱ្យអ្នកស្រាវជ្រាវដទៃបានយល់ពីដំណើរការនៃការសិក្សា។

ប្រធានាធិបតីបារាំងរូបនេះបានសង្កត់ធ្ងន់ថា «ភាពមិនច្បាស់លាស់នៃប្រសិទ្ធភាពវ៉ាក់សាំង មិនបានជួយដល់ប្រទេសទាំងនោះទេ វាមានតែបន្ថែមឱកាសនៃការកើនឡើងនូវជំងឺ COVID-19 ប្រភេទថ្មីៗ» ។ កាលពីសប្ដាហ៍មុនលោក Macron ក៏មានមន្ទិលជាមួយវ៉ាក់សាំងបង្ការរបស់ក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca ដោយនិយាយថា វ៉ាក់សាំងគឺគ្មានប្រសិទ្ធភាពចំពោះពលរដ្ឋអាយុចាប់ពី ៦៥ ឆ្នាំឡើយ បើទោះបីជានិយតករអឺរ៉ុបបើភ្លើងខៀវឱ្យប្រើប្រាស់បានគ្រប់វ័យក៏ដោយ៕

អត្ថបទ៖ លីដា
ប្រភព៖ South China Morning Post

Share This Post: