ពលរដ្ឋមួយចំនួនយកជំនាងផ្ទះចាស់ៗ រានទេវតា កំប៉ុងជើងធូប មកបោះចោលក្នុងវត្តឫស្សីសាញ់, ព្រះសង្ឃប្រមូលដុតចោល និងប្រកាសផាកពិន័យ
រដូវកាលចូលឆ្នាំប្រពៃណីវៀតណាម ចិន ដែលបងប្អូនធ្វើពិធីសែនដកជើងធូប បានរើជំនាងផ្ទះ រានទេវតា ចាស់ ហើយទិញថ្មីដាក់ តែរបស់ចាស់ៗ បានរើមកបោះចោលនៅឯវត្តវិញ។ ព្រះតេជគុណ យិន រតនសុធាវី គង់នៅវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ បានប្រតិកម្មជាខ្លាំង និងមានសង្ឃដិកាថាបានយកជំនាងផ្ទះដែលពលរដ្ឋមួយចំនួនមកបោះចោលក្នុងវត្ត មកប្រមូលដុតចោល តែព្រះតេជគុណ សុំផាកពិន័យទឹកប្រាក់ពី ៨០០០០ រៀល ទៅដល់១០០០០០ រៀល សម្រាប់អ្នកយកបោះចោល។ ព្រះតេជគុណ យិន រតនសុធាវី មានសង្ឃដិកាក្នុងហ្វេសបុកថា៖

“ថ្ងៃនេះអាត្មាភាពនៅក្នុងវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញបានរៀបចំបោះសម្អាតជំនាងផ្ទះឬ រានទេវតា ចិន យួន និងយកទៅដុតចោល អាត្មាភាពសុំបិណ្ឌបាតអ្នកកាត់ខ្សែស្រឡាយចិន យួន កុំយកជំនាងផ្ទះចាស់ៗ ឫអាសន: បាយសី និងជើងធូប បានយកមកបោះចោលនៅក្នុងវត្តឫស្សីសាញ់បន្តទៀត ប្រសិនបើអាត្មាភាពបានឃើញញោមញាតិណាមួយហ៊ានយកជំនាងផ្ទះចាស់ៗ ឬអាសន: បាយសី រានទេវតា និងជើងធូប យកមកបោះចោលនៅក្នុងវត្តបន្តទៀត អាត្មាភាពត្រូវផាកពិន័យទឹកប្រាក់ពី ៨០០០០ រៀល ទៅដល់១០០០០០ រៀល សម្រាប់យកមកទិញភេសជ្ជៈប្រគេនដល់ព្រះសង្ឃសម្រាប់ធ្វើការងារនៅក្នុងវត្ត៕”







