បណ្ដាញអ៊ីនធឺណេតនៅមីយ៉ាន់ម៉ាបានស្ដារឡើងវិញជាបណ្ដើរៗ ខណៈកំហឹងជាសាធារណៈចំពោះពួកយោធា បានធ្វើឱ្យមានការតវ៉ាយ៉ាងធំនៅទូទាំងប្រទេស ២ ថ្ងៃជាប់គ្នាមកហើយ
- BY
- autoadmin
- February 8, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា បណ្ដាញអ៊ីនធឺណេតនៅមីយ៉ាន់ម៉ាត្រូវបានស្តារឡើងវិញបានមួយផ្នែក គិតត្រឹមថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈដែលការបិទបណ្តាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី បានបង្កឱ្យមានកំហឹងជាសាធារណៈ និងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារដោយពួកយោធានៅទូទាំងប្រទេសនេះ។ យ៉ាងណាក៏ដោយថ្វីបើអ៊ីនធឺណេតត្រូវបានស្ដារឡើងវិញ ប៉ុន្តែបណ្ដាញសង្គមគឺនៅតែមិនទាន់អាចប្រើប្រាស់បានវិញនៅឡើយទេ។

កាលពីថ្ងៃអាទិត្យម្សិលមិញនេះគឺជាថ្ងៃតវ៉ាទី២ របស់ក្រុមបាតុករគាំទ្រលោកស្រីទីប្រឹក្សា និងជាការប្រមូលផ្ដុំគ្នារាប់ម៉ឺននាក់ច្រើនជាងថ្ងៃតវ៉ាទី១ ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ទៅទៀត។ ការតវ៉ាប្រឆាំងនឹងរបបយោធាត្រូវបានមើលឃើញយ៉ាងច្បាស់នៅក្នុងទីក្រុងយ៉ាំងហ្គោន ដោយអ្នកតវ៉ាមានពាក់អាវពណ៌ក្រហម ទង់ក្រហម និងបាឡុងពណ៌ក្រហម ដែលជាពណ៌តំណាងឱ្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ។ ពួកគេបានស្រែកថា «យើងមិនចង់បានរបបផ្តាច់ការយោធាទេ! យើងចង់បានប្រជាធិបតេយ្យ!»
អ្នកតវ៉ាយ៉ាងច្រើនមកពីគ្រប់តំបន់នៃទីក្រុងយ៉ាំងហ្គោន បានប្រមូលផ្តុំគ្នានៅតាមទីប្រជុំជននានា ហើយដើរឆ្ពោះទៅកាន់វត្ត Sule ដែលជាបេះដូងរបស់ទីក្រុងនេះ ហើយទីនោះក៏ធ្លាប់ជាចំណុចប្រមូលផ្ដុំគ្នាក្នុងអំឡុងពេលបាតុកម្ម ដែលដឹកនាំដោយព្រះសង្ឃកាលពីឆ្នាំ២០០៧ និងអ្នកផ្សេងទៀតនៅឆ្នាំ១៩៨៨។ កម្លាំងប៉ូលីសត្រូវបានគេឃើញមានដាក់ពង្រាយយ៉ាងច្រើន ប៉ុន្តែពួកគេក៏មិនបានបញ្ឈប់ក្រុមបាតុករនោះដែរ ខណៈដែលក្រុមបាតុករបានជូនផ្កាទៅកម្លាំងការពារ ដើម្បីបង្ហាញពីសញ្ញានៃសន្តិភាព។
កំណត់ត្រាផ្ទៃក្នុងរបស់បុគ្គលិកអង្គការសហប្រជាជាតិ ដែលបានតាមដានស្ថានភាពនៅមីយ៉ាន់ម៉ាបានប៉ាន់ប្រមាណថា មានមនុស្ស ១,០០០ នាក់ បានចូលរួមការតវ៉ានៅទីក្រុងណៃពិដោ ខណៈមានមនុស្សប្រមាណ ៦០,០០០នាក់ បានចូលរួមនៅទីក្រុងយ៉ាំងហ្គោន។ នៅក្រុងម៉ាន់ដាលេក៏មានការរាយការណ៍អំពីកំណើនអ្នកតវ៉ាផងដែរ ហើយក្រុងតូចៗមួយចំនួនផ្សេងទៀត នៅទូទាំងប្រទេសដែមានពលរដ្ឋសរុប ៥៣ លាននាក់មួយនេះ សុទ្ធតែមានការតវ៉ាប្រឆាំងតវ៉ានឹងរដ្ឋប្រហារនេះ៕







អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






