សហរដ្ឋអាមេរិកគ្រោងនឹងចូលរួមជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសារជាថ្មី បន្ទាប់ពីបានដកខ្លួនពីភ្នាក់ងារអស់រយៈពេល ៣ ឆ្នាំកន្លងមក
- BY
- autoadmin
- February 8, 2021
មន្ត្រីសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋបាលរបស់លោក ចូ បៃដិន គ្រោងនឹងប្រកាសចូលរួមជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសារជាថ្មី ដែលនេះគឺជាការស្ដារទំនាក់ទំនងឡើងវិញមួយ បន្ទាប់ពីសហរដ្ឋអាមេរិកនៅក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីក្រុមប្រឹក្សាអស់រយៈពេល ៣ឆ្នាំ កន្លងមកហើយ។ ទីក្រុងវ៉ាស៊ីនតោននឹងវិលត្រឡប់ទៅកាន់ស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវនេះក្នុងនាមជាអ្នកសង្កេតការណ៍មួយ ដោយសម្លឹងឆ្ពោះទៅរកការបោះឆ្នោតជាសមាជិកពេញលេញ។ ការសម្រេចចិត្តនេះក៏ទំនងជាទាក់ទាញការរិះគន់ពីសមាជិកសភាអភិរក្សនិយម និងមនុស្សជាច្រើននៅក្នុងសហគមន៍គាំទ្រអ៊ីស្រាអែល។

រំលឹកដែរថាលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីទីភ្នាក់ងារសិទ្ធិមនុស្សមួយនេះក្នុងឆ្នាំ២០១៨ ដោយសារភាពលម្អៀងប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ក៏ដូចជាចំនួនប្រទេសផ្តាច់ការក្នុងចំណោមសមាជិករបស់ខ្លួន និងដោយសារតែភ្នាក់ងារនេះមិនអាចធ្វើតាមអ្វីដែលសហរដ្ឋអាមេរិកចង់បាន។ បន្ថែមពីលើការថ្កោលទោសរបស់ទីភ្នាក់ងារសិទ្ធិមនុស្សលើអ៊ីស្រាអែល រដ្ឋបាលរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ មិនពេញចិត្តចំពោះភាពលម្អៀងនេះទេ ដោយគាត់បានចោទថា សមាជិករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សដូចជា៖ ចិន គុយបា អេរីទ្រា រុស្ស៊ី និង វ៉េណេស៊ុយអេឡា សុទ្ធតែបានរំលោភលើសិទ្ធិមនុស្សទាំងអស់ ប៉ុន្តែទីភ្នាក់ងារមើលឃើញតែទោសរបស់អ៊ីស្រាអែល៕


អត្ថបទ៖ លីដា
ប្រភព៖ Associated Press
- Share This Post:






