ម្ចាស់ម៉ូតូធំស៊េរីទំនើប R1 គោលបំណងទៅប្ដូរបំពង់ស៊ីម៉ាំង ជិះមកដល់ស្ដុបផ្លូវ៦០ម៉ែត្រ ក៏សាកបង្ហោះបន្តិច ត្រូវសមត្ថកិច្ចឃាត់ចាប់បានយកមកអប់រំណែនាំ
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ តាមឃាត់និងស្ទាក់ម៉ូតូធំ R1មួយគ្រឿង ដែលជិះបង្ហោះលើផ្លូវ៦០ម៉ែត្រ។ ការឃាត់ម៉ូតូធំខាងលើនេះ ធ្វើឡើងកាលពីវរលាម៉ោង១៣៖២០នាទី ថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចមុខ ការិយាល័យ លក់ផ្ទះបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បន្ទាប់ពីជិះបង្ហោះនៅតាមផ្លូវ៦០ម៉ែត្រ ជិតផ្ទះផ្កាស្លា ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់របស់លោកវរសេនីយ៍ត្រី ជឹម សុភ័ក្ដ្រ អធិការរងទទួលផែនចរាចរណ៍ ខណ្ឌមានជ័យ បានប្រាប់ក្រុមការងារខ្មែរណូតថា នៅមុនពេលឃាត់ម៉ូតូធំខាងលើនេះ បន្ទាប់ពីទទួលបានដំណឹងតាមរយៈវិទ្យុទាក់ទង(ID)របស់សមត្ថកិច្ច បោះដៃប្រាប់ឲ្យជួយស្ទាក់ឃាត់ម៉ូតូធំមួយគ្រឿង ដែលមានភិនភាគ YAMAHA R1 ពណ៌បៃតង ដែលបានជិះបង្ហោះលើផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌដង្កោ ហើយបានកំពុងជិះមកតាម៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ទើបកម្លាំងដែលនៅឈរជើងតាមគោលដៅ ចេញតាមឃ្លាំមើល និងឃើញម៉ូតូខាងលើកំពុងធ្វើដំណើរមកដល់មុខ ការិយាល័យ លក់ផ្ទះបុរីប៉េងហួត សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទើបធ្វើការឃាត់បានតែម្ដង និងនាំអ្នកបើកបរទៅធ្វើការសាកសួរ និងអប់រំណែនាំ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យផងដែរ។
ប្រភពដដែលបន្តថា ម្ចាស់ម៉ូតូក៏បានសហការជាមួយសមត្ថកិច្ចដែរ ហើយនៅចំពោះមុខសមត្ថកិច្ច ម្ចាស់ម៉ូតូបានឆ្លើយប្រាប់សមត្ថកិច្ចថា មុនពេលឃាត់ម៉ូតូរបស់ខ្លួន រូបខ្លួនបានជិះម៉ូតូបំណងទៅផ្លាស់ប្ដូរបំពង់ស៊ីមាំង ដោយធ្វើដំណើរមកដល់ចំណុចស្តុប ខ្លួនក៏បានមួរហ្គែរញាក់សាកមើលបន្តិច ទើបស្ទុះហោះកង់មុខបានបន្តិចក៏ទម្លាក់ចុះវិញ ដើម្បីចង់ដឹងសន្ទុះម៉ាស៊ីនប៉ុណ្ណោះ ហើយក៏បន្តដំណើរទៅមុខទៀត ក៏ត្រូវបានសមត្ថកិច្ចចេញមកឃាត់តែម្ដង។
បច្ចុប្បន្នអ្នកបើកបរម៉ូតូត្រូវបានសមត្ថកិច្ចអប់រំណែនាំ និងអនុញ្ញតឲ្យត្រលប់ទៅផ្ទះវិញផងដែរ ចំណែក ម៉ូតូធំម៉ាក YAMAHA R1 ខាងលើនេះ ត្រូវសមត្ថកិច្ចរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បណ្ដោះអាសន្នសិនទើបប្រគល់ជូនវិញ ៕






ដោយ៖ បងម៉េង ខ្មែរណូត