WHO និយាយថា ខ្លួនត្រូវការទិន្នន័យបន្ថែមពីវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ AstraZeneca
- BY
- autoadmin
- February 9, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា អង្គការសុខភាពពិភពលោកបាននិយាយថា ពួកគេចាំបាច់ត្រូវការប្រមូលទិន្នន័យបន្ថែមពីវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford មុនពេលអាចកំណត់ប្រសិទ្ធភាពនៃវ៉ាក់សាំងថា វាពិតជាមានប្រសិទ្ធភាពលើជំងឺ COVID-19 ដែលផ្ទុះឡើងនៅអាហ្វ្រិកខាងត្បូង ឬទេ។ ចំណែកខាងរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងវិញ ក៏បានផ្អាកការចែកចាយវ៉ាក់សាំងរបស់ក្រុមហ៊ុនផងដែរ ដោយមើលឃើញថា វាមិនសូវមានប្រសិទ្ធភាពជាមួយជំងឺ COVID-19 ដែលផ្ទុះនៅប្រទេសខ្លួននោះទេ។

អគ្គនាយករងអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទថា គាត់ពិតជាព្រួយបារម្ភនឹងព័ត៌មាននេះ ហើយប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO អ្នកស្រី Soumya Swaminathan ក៏បានសម្ដែងការព្រួយបារម្ភដូចគ្នា ដោយបាននិយាយថា អ្វីដែលឃើញនៅក្នុងការសិក្សាដែលបានបង្ហាញកន្លងមកគឺវានៅតិចតួចពេក ដូច្នេះវ៉ាក់សាំងត្រូវការការសិក្សាបន្ថែមទៀត។ ជម្រាបដែរថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ AstraZeneca-Oxford គឺស្ថិតក្នុងចំណោមវ៉ាក់សាំងដែលមានប្រសិទ្ធភាពខ្ពស់មួយ ប៉ុន្តែសម្រាប់តែប្រភេទជំងឺ COVID-19 ទូទៅប៉ុណ្ណោះ ខណៈដែលប្រភេទជំងឺ COVID-19 នៅអាហ្វ្រិកខាងត្បូង ជាប្រភេទដែលពិបាកក្នុងការព្យាបាល និងពិនិត្យបំផុត៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






