អង្គការសហប្រជាជាតិបានជំរុញឱ្យមានការលុបបំបាត់ថាមពលធ្យូងថ្មជាសកលនៅត្រឹមឆ្នាំ២០៤០
- BY
- autoadmin
- February 9, 2021
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យការប្រើប្រាស់ថាមពលធ្យូងថ្មត្រូវបានបញ្ឈប់ជាស្ថាពរនៅឆ្នាំ២០៣០ សម្រាប់ប្រទេសអភិវឌ្ឍន៍ និងនៅឆ្នាំ២០៤០ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត។ លោកបាននិយាយបែបនេះ នៅក្នុងកិច្ចពិភាក្សាត្រៀមមួយកាលពីថ្ងៃច័ន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីអាកាសធាតុប្រចាំឆ្នាំ ឬ COP26 ដែលគ្រោងធ្វើនៅចក្រភពអង់គ្លេសក្នុងខែវិច្ឆិកា។

ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានជម្រុញឱ្យរដ្ឋជាសមាជិកនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (OECD) ដែលរួមមានប្រទេសអភិវឌ្ឍន៍ដូចជា៖ សហរដ្ឋអាមេរិក បណ្តាប្រទេសអ៊ឺរ៉ុប និងជប៉ុន ដើម្បីឱ្យពួកគេបញ្ឈប់រោងចក្រថាមពលធ្យូងថ្មនៅឆ្នាំ២០៣០ ហើយប្រទេសដទៃទៀតក៏គួរតែធ្វើឱ្យបានត្រឹមឆ្នាំ២០៤០។ ជារួមអង្គការសហប្រជាជាតិមានគោលបំណងឱ្យការ «បំភាយឧស្ម័នផ្ទះកញ្ចក់ធ្លាក់ដល់សូន្យ» នៅឆ្នាំ២០៥០។
ចំណែកសហរដ្ឋអាមេរិកនៅក្រោមការដឹកនាំរបស់លោក ចូ បៃដិន ក៏គ្រោងនឹងភ្ជាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើងវិញនៅចុងខែនេះដែរ។ ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោក Richard Mills បានមានប្រសាសន៍ថា អាមេរិកកំពុងបន្តកិច្ចប្រឹងប្រែងជាច្រើនដែលរួមមាន៖ ការរៀបចំគោលដៅលើការបំភាយឧស្ម័នក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងការអភិវឌ្ឍផែនការហិរញ្ញវត្ថុដើម្បីជំរុញសកម្មភាពពិភពលោកជាដើម៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






