អន្តរជាតិ

មេដឹកនាំយោធាមីយ៉ាន់ម៉ា បានដាក់ចេញនូវការហាមឃាត់រាល់ការប្រមូលផ្ដុំមនុស្ស ៥នាក់ ឬច្រើនជាងនេះ ប្រឆាំងនឹងក្រុមបាតុករ

BY
autoadmin
February 9, 2021

ចាប់តាំងពីពួកយោធាមីយ៉ាន់ម៉ា ដែលដឹកនាំដោយឧត្តមសេនីយ៍លោក មីន អ៊ុងឡាំង បានចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកបក្សកាន់អំណាច កាលពីព្រឹកព្រលឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ការតវ៉ានៅទូទាំងប្រទេសមីយ៉ាន់ម៉ាក៏បានកើតមានឡើងជាបន្ដបន្ទាប់ ហើយរយៈពេល ៣ថ្ងៃ​ ចុងក្រោយនេះ ត្រូវបានគេមើលឃើញថា ជាការតវ៉ាទូទាំងប្រទេសដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០០៧។​ យ៉ាងណាក៏ដោយឥឡូវនេះពួកយោធាក៏មិននៅស្ងៀមដែរ ដោយមេដឹកនាំរបស់ពួកគេបានចេញនូវបំរាមគោចរ និងហាមមិនឱ្យមានការប្រមូលផ្ដុំលើសពី ៥នាក់ ឬច្រើនជាងនេះទេ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បាននិយាយថា មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង បានហាមឃាត់ការប្រមូលផ្តុំមនុស្ស ៥នាក់ ឬច្រើនជាងនេះ សម្រាប់ទីក្រុងយ៉ាំងហ្គោន និងក្រុងធំៗផ្សេងទៀត។ លោកបានថ្លែងតាមទូរទស្សន៍រដ្ឋថា សកម្មភាពដែលគំរាមកំហែងដល់សន្តិភាពរបស់ប្រទេស ដោយអាងលើលទ្ធិប្រជាធិបតេយ្យ ត្រូវតែវិនិច្ឆ័យទៅតាមច្បាប់។ ប៉ុន្តែក្រុមអ្នកតវ៉ាកនៅតែគ្រោងបន្តធ្វើបាតុកម្មទូទាំងប្រទេសរយៈពេលមួយសប្តាហ៍ ដើម្បីទាមទារឱ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំដែលជាប់ឃុំឃាំងផ្សេងទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: