ប្រទេសចិនបាននិយាយថា ខ្លួនមានឆន្ទៈក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅប្រទេសនានានៅអឺរ៉ុបកណ្តាល និងខាងកើត
- BY
- autoadmin
- February 10, 2021
ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានមានប្រសាសន៍ថា ប្រទេសរបស់លោកមានឆន្ទៈក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទៅប្រទេសនានានៅអឺរ៉ុបកណ្តាល និងខាងកើត។ លោកបានថ្លែងបែបនេះនៅកិច្ចប្រជុំតាមរយៈវីដេអូពីចម្ងាយមួយកាលពីថ្ងៃអង្គារ ដោយមានការចូលរួមពីមេដឹកនាំមកពី ១៧ ប្រទេស ដែលរួមមានទាំងហុងគ្រី និងប៉ូឡូញ។ យោងតាមក្រសួងការបរទេសចិន លោកប្រធានាធិបតីបាននិយាយថា ប្រទេសស៊ែប៊ីបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួនមួយលានដូសពីក្រុមហ៊ុនចិន ហើយក្រុមហ៊ុនវ៉ាក់សាំងហុងគ្រីនិងចិនក៏កំពុងសហការគ្នាផងដែរ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រទេសចិននឹងពិចារណាយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការបែបនេះជាមួយរដ្ឋាភិបាលដទៃទៀតនៅក្នុងតំបន់។ លោក ស៊ី បាននិយាយថា ប្រទេសចិនមានបំណងបង្កើនការនាំចូលទំនិញកសិកម្មទ្វេដងពីអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើតក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។ ជម្រាបដែរថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងទីក្រុងប៉េកាំង និងប្រទេសក្នុងតំបន់ បន្តតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន។ ប៉ុន្តែប្រទេសខ្លះនិយាយថា ពួកគេខកចិត្តដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ចិននៅក្នុងតំបន់នេះគឺនៅទ្រឹង។
ចំណែកក្រុមអ្នកសង្កេតការណ៍បាននិយាយថា ប្រទេសចិនប្រហែលជាកំពុងស្វែងរកការទាញយកប្រយោជន៍ពីការពន្យាពេលក្នុងការផ្តល់វ៉ាក់សាំង COVID-19 របស់សហភាពអឺរ៉ុប ហើយចង់បង្កើនវត្តមានរបស់ខ្លួនតាមរយៈការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអឺរ៉ុបកណ្តាល និងខាងកើត៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






