ជប៉ុនបានអនុម័តជាផ្លូវការនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer សម្រាប់ពលរដ្ឋអាយុលើសពី ១៦ ឆ្នាំឡើងទៅ
- BY
- autoadmin
- February 15, 2021
ប្រទេសជប៉ុនបានអនុម័តជាផ្លូវការនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech កាលពីថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាការបើកភ្លើងខៀវលើកដំបូងសម្រាប់ការប្រើប្រាស់ក្នុងស្រុក ដែលបើកផ្លូវឱ្យប្រទេសនេះចាប់ផ្តើមការចាក់ថ្នាំបង្ការដល់បុគ្គលិកសុខាភិបាលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ការអនុម័តយ៉ាងលឿនពីក្រសួងសុខាភិបាលការងារ និងសុខុមាលភាព គឺជាជំហានទៅមុខដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀត ដើម្បីគ្រប់គ្រងការរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេសជប៉ុន។

ការអនុម័តនេះបានកើតឡើងចំពេលដែលមានការមិនពេញចិត្តជាមួយនឹងនាយករដ្ឋមន្រ្តីលោក Yoshihide Suga ចំពោះការឆ្លើយតបនឹងវិបត្តិសុខភាពសាធារណៈរបស់លោក ខណៈដែលជប៉ុនមានពេលតិចជាង ៦ ខែប៉ុណ្ណោះ មុនពេលបើកទ្វារទទួលព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក។ ជម្រាបដែរថា ទិន្នន័យពីការសាកល្បងព្យាបាលនៅដំណាក់កាលចុងក្រោយបានបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាព ៩៥% សម្រាប់ជំងឺ COVID-19 នេះបើតាមការអះអាងរបស់ក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech របស់ខ្លួន។
ជប៉ុនផ្ទាល់ក៏បានទទួលការដឹកជញ្ជូនប្រមាណ ៤០០,០០០ ដូស ពីរោងចក្រ Pfizer នៅប្រទេសបែលហ្ស៊ិកកាលពីថ្ងៃសុក្រ ហើយនៅថ្ងៃដដែលនោះគណៈរដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា ខ្លួនមិនបានរកឃើញបញ្ហាអ្វីទេជាមួយនឹងការអនុម័តវ៉ាក់សាំងសម្រាប់មនុស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅនោះឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ Kyodo News
- Share This Post:






