អន្តរជាតិ

លោកស្រី អ៊ុងសាន ស៊ូជី កំពុងប្រឈមមុខនឹងការជាប់ឃុំឃាំងបន្ដ ខណៈដំណើរការកាត់ក្តីលើលោកស្រីនឹងបន្ដដល់ខែមីនា

BY
autoadmin
February 17, 2021

ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី កំពុងប្រឈមមុខនឹងការជាប់ឃុំឃាំងបន្ដទៀត បើទោះបីជាការឃុំខ្លួនរបស់លោកស្រីដំបូងឡើយត្រូវផុតកំណត់តាំងពីថ្ងៃច័ន្ទក៏ដោយ។ គួររំលឹកដែរថា លោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកកាន់អំណាចផ្សេងទៀត រួមទាំងប្រធានាធិបតីលោក វីន ម្យីន៍ ត្រូវបានគេឃុំខ្លួន ចាប់តាំងពីមានរដ្ឋប្រហារយោធាមួយកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ មកម៉្លេះ។ មេធាវីរបស់លោកស្រី និងក្រុមមន្រ្តីមកពីតុលាការក្នុងរដ្ឋធានីណៃពិដោ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងឱកាសដាច់ដោយឡែកពីគ្នាកាលពីថ្ងៃអង្គារថា លោកស្រីត្រូវបានចោទប្រកាន់ពីបទនាំចូលវិទ្យុទាក់ទងដោយខុសច្បាប់ និងប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

ពួកគេបាននិយាយថា គាត់ក៏ប្រឈមនឹងការចោទប្រកាន់ពីបទរំលោភលើបទបញ្ជាទប់ស្កាត់ជំងឺ COVID-19 ក្នុងកំឡុងពេលយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំមុន។ ការចោទប្រកាន់ដដែលនេះក៏ត្រូវបានប្តឹងប្រឆាំងនឹងប្រធានាធិបតីលោក វីន ម្យីន៍ ផងដែរ។ មេដឹកនាំទាំង ២ ត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងដំណើរការកាត់ក្តីតាមអ៊ិនធឺណេតនៅថ្ងៃអង្គារម្សិលមិញនេះ ហើយដំណើរការបន្តនឹងត្រូវធ្វើឡើងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។ អ្នកនាំពាក្យយោធាបានប្រាប់អ្នកសារព័ត៌មានថា ទាំងលោកស្រី អ៊ុងសាន ស៊ូជី និងលោក វីន ម្យីន៍ គឺមានសុខភាពល្អនោះទេ។ ប៉ុន្តែយ៉ាងណាគេរំពឹងថា នឹងមានការតវ៉ាធំៗបន្ថែមទៀតនៅទូទាំងប្រទេស ដោយសារការសម្រេចឱ្យមានការឃុំខ្លួនបន្ដលើមេដឹកនាំទាំង ២ នាក់នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: