អន្តរជាតិ

សាកលវិទ្យាល័យ Oxford កំពុងសាកល្បងប្រសិទ្ធភាពវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើមនុស្សវ័យក្មេងចន្លោះពី ៦ ដល់ ១៧ឆ្នាំ

BY
autoadmin
February 17, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា ក្មេងៗអាយុចន្លោះពី ៦ ដល់ ១៧ឆ្នាំ ប្រមាណជា ៣០០នាក់ កំពុងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់សាកលវិទ្យាល័យ Oxford សហការជាមួយក្រុមហ៊ុន AstraZeneca ដែលជាផ្នែកមួយនៃការសាកល្បងថ្មីចុងក្រោយ ដើម្បីឱ្យអ្នកស្រាវជ្រាវអាចវាយតម្លៃថា តើវ៉ាក់សាំងមានប្រសិទ្ធភាពជាមួយក្រុមមនុស្សអាយុតិចទាំងនេះ ឬទេ។ ការសាកល្បងត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យ Oxford និងទីតាំងជាដៃគូរបស់ខ្លួននៅឯទីក្រុង London, Southampton និង Bristol ជាមួយនឹងវ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះថា ChAdOx1 nCoV-19 ។

វេជ្ជបណ្ឌិតលោក Clive Dix ដែលដឹកនាំក្រុមការងារចាក់ថ្នាំបង្ការនៅចក្រភពអង់គ្លេសបាននិយាយថា មនុស្សពេញវ័យនឹងអាចទទួលបានវ៉ាក់សាំងនេះនៅខែសីហា ឬអាចលឿនជាងនេះ ខណៈដែលរដ្ឋាភិបាលអង់គ្លេសកំពុងព្យាយាមបង្កើនការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 លើមនុស្សគ្រប់វ័យ។ លោកបាននិយាយថា៖«ឥឡូវនេះយើងមានទំនុកចិត្តជាមួយក្រុមការងារទទួលបន្ទុកចាក់ថ្នាំបង្ការ ថាការផ្គត់ផ្គង់ដែលយើងនឹងទទួលបាន នឹងនាំយើងអាចចាក់វ៉ាក់សាំងបានច្រើន តាមដែលពលរដ្ឋចក្រភពអង់គ្លេសចង់បាន»។

អ្នកស្ម័គ្រចិត្តទទួលវ៉ាក់សាំងសាកល្បងនេះបានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេដោយនិយាយថា វាគឺងាយស្រួលជាងអ្វីដែលពួកគេធ្លាប់គិតទៅទៀត ហើយខ្លះទៀតក៏បាននិយាយថា វាគឺជាការចូលរួមចំណែកយ៉ាងសកម្មមួយ ដើម្បីអាចប្រាកដថាកុមារនឹងអាចទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូចមនុស្សធំដែរ។ ថ្វីបើកុមារពុំមានហានិភ័យខ្ពស់ជាមួយជំងឺ COVID-19 និងគ្មានរោគសញ្ញាច្រើន ប៉ុន្តែការសាកល្បងនេះនឹងមានប្រយោជន៍សម្រាប់ពួកគេ ក៏ដូចជាជួយកាត់បន្ថយការឆ្លងរាលដាលក្នុងចំណោមកុមារ។

ជម្រាបដែរថារហូតមកដល់ពេលនេះ មានប្រជាជនជាង ១៥ លាននាក់ បានចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ដោយរដ្ឋាភិបាលអង់គ្លេសបាននិយាយថា មនុស្សគ្រប់គ្នានៅក្នុងក្រុមអាទិភាពទាំង ៤ ឥឡូវនេះត្រូវបានផ្តល់ជូននូវកម្រិតថ្នាំលើកដំបូងរួចរាល់ហើយ។ គោលដៅបន្ទាប់គឺសម្រាប់ក្រុមអាទិភាពទាំង ៥ ដែលនៅសេសសល់ ដែលនឹងត្រូវបានផ្តល់វ៉ាក់សាំងនៅចុងខែមេសា បន្ទាប់មកមនុស្សពេញវ័យទាំងអស់នៅចក្រភពអង់គ្លេសឱ្យបានត្រឹមរដូវស្លឹកឈើជ្រុះ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: