រដ្ឋមន្ត្រីសុខាភិបាលថៃអះអាងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន នឹងមកដល់ប្រទេសថៃនៅចុងខែកុម្ភៈនេះ
- BY
- autoadmin
- February 17, 2021
រដ្ឋមន្រ្តីសុខភាពសាធារណៈថៃលោក Anutin Charnvirakul បាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសដំបូងរបស់ក្រុមហ៊ុន Sinovac នឹងមកដល់ប្រទេសថៃនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ បើតាមកាសែត Nation Nation បានរាយការណ៍ថា វ៉ាក់សាំងចំនួន ២០០ ០០០ ដូស នឹងចាកចេញពីប្រទេសចិនមកកាន់ប្រទេសថៃ នៅថ្ងៃទី២០ ខែកុម្ភៈនេះ។ ការលើកឡើងរបស់លោក Anutin Charnvirakul គឺបន្ទាប់ពីមានការរិះគន់លើរដ្ឋាភិបាលថៃ ចំពោះភាពយឺតយ៉ាវក្នុងការបញ្ចេញវ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនពលរដ្ឋ ខណៈប្រទេសថៃផ្ទាល់ក៏រំពឹងថា នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca/Oxford ក្នុងខែនេះ ប៉ុន្តែមកដល់ឥឡូវនេះក៏នៅមិនទាន់ឃើញមានផ្លែផ្កាអ្វីដែរ។

លោក Anutin មានប្រសាសន៍ថា នៅពេលដែលវ៉ាក់សាំងចិនមាននៅក្នុងប្រទេសថៃ វានឹងត្រូវត្រួតពិនិត្យគុណភាពដែលធ្វើឡើងដោយនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ។ រដ្ឋបាលចំណីអាហារនិងឪសថត្រូវបានគេរំពឹងថា នឹងអនុម័តលើវ៉ាក់សាំងបង្ការរបស់ Sinovac សម្រាប់ការប្រើប្រាស់ជាបន្ទាន់លើក្រុមមានហានិភ័យខ្ពស់ ដូចជាបុគ្គលិកសុខាភិបាល និងក្រុមងាយរងគ្រោះផ្សេងទៀត។ គួររំលឹកដែរថា វ៉ាក់សាំងនេះត្រូវបានបង្ហាញថាមានប្រសិទ្ធភាពជាង ៥០% ក្នុងការការពារការឆ្លងនិង ៨០% មានប្រសិទ្ធភាពក្នុងការការពារជំងឺធ្ងន់ធ្ងរ៕


អត្ថបទ៖ លីដា
ប្រភព៖ The Thaiger
- Share This Post:






