អន្តរជាតិ

ភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េនិយាយថា ហេកឃឺកូរ៉េខាងជើងបានព្យាយាមលួចពត័ត៌មានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបច្ចេកវិទ្យាពីកូរ៉េខាងត្បូង

BY
autoadmin
February 17, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណេតជាង ១.៥ លានដង ក្នុងមួយថ្ងៃៗ ដែលពេលខ្លះគឺផ្តោតលើព័ត៌មានវ៉ាក់សាំងបង្ការជំងឺ COVID-19 ។ សេវាកម្មស៊ើបការណ៍សម្ងាត់ជាតិរបស់ប្រទេសកូរ៉េខាងត្បូង ឬហៅកាត់ថា NIS បានធ្វើសេចក្តីរាយការណ៍សង្ខេបនេះ ជូនដល់គណៈកម្មាធិការស៊ើបការណ៍សភានៅក្នុងសម័យប្រជុំបិទទ្វារមួយកាលពីថ្ងៃអង្គារ ដោយបានបន្ថែមថា ក្នុងមួយថ្ងៃយ៉ាងហោចណាច់មានការវាយប្រហារចំនួន ១.៥៨ លើប្រទេសកូរ៉េខាងត្បូង។

NIS បានរាយការណ៍ថា ហេកឃឺបានព្យាយាមលួចព័ត៌មានវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និងបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង ហើយអ៊ីម៉ែលលួចបន្លំត្រូវបានផ្ញើទៅកាន់ឥស្សរជនសំខាន់ៗប្រហែល ១០០ នាក់ នៅក្នុងប្រទេសនេះ ក្នុងគោលបំណងលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។ ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនបានកម្ចាត់ការវាយប្រហារភាគច្រើនចោល ដោយការសហការជាមួយស្ថាប័នដទៃទៀតដែលពាក់ព័ន្ធ។ រំលឹកដែរថា ក្រុមអ្នកជំនាញនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានចោទប្រកាន់នៅក្នុងរបាយការណ៍របស់ខ្លួនដែលត្រូវបានចេញផ្សាយនៅក្នុងខែមីនាថា កូរ៉េខាងជើងបានលួចលុយជាង ៣០០ លានដុល្លារ តាមរយៈការវាយលុកតាមប្រព័ន្ធអ៊ីនធឺណេតក្នុងរយៈពេល ២ឆ្នាំ រហូតដល់ឆ្នាំ២០២០៕

អត្ថបទ​៖ លីដា
ប្រភព៖ Channel News Asia , NHK

Share This Post: