អន្តរជាតិ

អ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងយ៉ាំងហ្គោន ទោះបីជាពួកយោធាបានបង្កើនកម្លាំងឈរជើងក៏ដោយ

BY
autoadmin
February 17, 2021

មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា បើទោះបីជាមានការបង្កើនកងកម្លាំងយោធា និងការភ័យខ្លាចនៃអំពើហិង្សាកំពុងកើតមានឡើងក៏ដោយ។ ការប្រឆាំងតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបន្ដធ្វើឡើងអស់រយៈពេលជាច្រើនថ្ងៃមកហើយ ពោលគឺចាប់តាំងពីទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក វីន ម្យីន៍ ត្រូវបានរដ្ឋប្រហារយោធាចាប់ឃុំខ្លួនអ្នកទាំង ២ និងសមាជិកបក្សកាន់អំណាចផ្សេងទៀត កាលពីថ្ងៃទី០១ ដើមខែកុម្ភៈនេះ។

និស្សិតសាកលវិទ្យាល័យអាយុ ២១ឆ្នាំម្នាក់ ដែលបានចូលរួមបាតុកម្មនេះបានប្រាប់ AFP ថា៖ «ថ្ងៃនេះជាថ្ងៃដែលយើងត្រូវតស៊ូរហូតដល់ទីបញ្ចប់។ យើងត្រូវបង្ហាញពីសាមគ្គីភាព និងកម្លាំងរបស់យើង ដើម្បីបញ្ចប់ការគ្រប់គ្រងរបស់យោធា»។ អ្នកផ្សេងៗទៀតដែលបានចូលរួមក៏បានបង្ហាញពីឆន្ទះដូចគ្នាផងដែរ ខណៈដែលអង្គការសហប្រជាជាតិ (UN) កំពុងព្រួយបារម្ភអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាយ៉ាងខ្លាំង ដោយសារថាការបង្កើនកម្លាំងយោធាគឺមានន័យថា នឹងមានការបង្ហូរឈាម ការបាត់ខ្លួន ឬការចាប់ខ្លួនជាដើម។

ជម្រាបដែរថា ការបន្តធ្វើបាតុកម្មនេះគឺដោយសារពួកយោធាបានដាក់បណ្ដឹងថ្មីមួយទៀត ដោយបានចោទលោកស្រី អ៊ុងសាន ស៊ូជី ថាបានរំលោភលើវិធានការទប់ស្កាត់ជំងឺ COVID-19 ហើយដើមឡើយគឺគាត់គួរតែត្រូវដោះបានដោះលែងតាំងតែពីថ្ងៃច័ន្ទដើមសប្ដាហ៍មកម៉្លេះ ប៉ុន្តែពន្យារពេលរហូតដល់ថ្ងៃពុធនេះ បូករួមជាមួយបណ្ដឹងថ្មីនេះបន្ថែមពីលើទៀត។ ការចោទប្រកាន់ដំបូងមកលើរូបលោកស្រី អ៊ុងសាន ស៊ូជី គឺឯកសារប៉ូលីសបាននិយាយថា គាត់បានលួចនាំឧបករណ៍ទាក់ទង និងប្រើដោយគ្មានការអនុញ្ញាត ក៏ដូចជាការចោទប្រកាន់ថា មានការបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោត៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: