អន្តរជាតិ

អង្គការសហប្រជាជាតិបានអំពាវនាវម្ដងហើយម្ដងទៀត ឱ្យមានការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដោយស្មើភាពនិងយុត្តិធម៌

BY
autoadmin
February 18, 2021

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានរិះគន់នូវអ្វីដែលលោកហៅថា ការចែកចាយវ៉ាក់សាំងការពារជំងឺ COVID-19 មិនស្មើភាពគ្នា និងមានភាពអយុត្តិធម៌។ លោក Guterres បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺណេតមួយ របស់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃពុធ ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab ដោយបានកត់សម្គាល់ថា មានតែប្រទេសចំនួន ១០ ប៉ុណ្ណោះ ដែលបានគ្រប់គ្រង ៧៥% នៃវ៉ាក់សាំងសរុបទាំងអស់ ខណៈដែលប្រទេសប្រមាណ ១៣០ មិនបានទទួលសូម្បីមួយដូស។ លោកបានជំរុញឱ្យរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិជួយគាំទ្រដល់ COVAX ដែលជាមូលនិធីគ្រប់គ្រងដោយអង្គការសុខភាពពិភពលោក និងស្ថាប័នដទៃទៀត ដើម្បីធានាបាននូវការចែកចាយវ៉ាក់សាំងដោយស្មើភាព។

ក្នុងនោះរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានសន្យាផ្តល់ថវិកាជាង ២០០ លានដុល្លារ ដល់អង្គការសុខភាពពិភពលោកនៅចុងខែនេះ ហើយលោកក៏បានប្រាប់អង្គប្រជុំផងដែរថា ទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំផែនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ COVAX ។ គួរជម្រាបផងដែរថា ចាប់តាំងពីលោក ចូ បៃដិន បានកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោកបានកែប្រែគោលនរយោបាយចាស់របស់លោក ដូណាល់ ត្រាំ ដោយបានត្រឡប់មកចូលរួមជាមួយអង្គការសហប្រជាជាតិ ក៏ដូចជាចូលរួមផ្ដល់ជំនួយដល់អង្គការសុខភាពពិភពលោកឡើងវិញជាដើម។

ចំណែករដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក វ៉ាង យី បាននិយាយថា ទីក្រុងប៉េកាំងនឹងផ្តល់នូវវ៉ាក់សាំងចំនួន ១០ លានដូស របស់ខ្លួនទៅឱ្យ COVAX ។ លោកក៏បានមានប្រសាសន៍ថា ប្រទេសចិនបានផ្តល់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៥៣ ផងដែរ។ អង្គការសហប្រជាជាតិកំពុងស្វែងរកសាមគ្គីភាពជាអន្តរជាតិ ក្នុងការផ្តល់វ៉ាក់សាំងយ៉ាងរហ័សដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រព័ន្ធថែទាំសុខភាពអន់ ខណៈដែលជំងឺ COVID-19 នៅតែបន្តរីករាលដាលយ៉ាងខ្លាំង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: