អន្តរជាតិ

ការសិក្សានៅមន្ទីរពិសោធន៍បង្ហាញថា ជំងឺកូវីដ១៩បំលែងខ្លួននៅអាហ្វ្រិកខាងត្បូងអាចកាត់បន្ថយអង់ទីករការពាររបស់វ៉ាក់សាំងរហូតដល់ទៅ ២ ភាគ ៣

BY
autoadmin
February 18, 2021

ការសិក្សានៅមន្ទីរពិសោធន៍បានបង្ហាញថា ជំងឺ COVID-19 បំលែងខ្លួនថ្មីនៅអាហ្វ្រិកខាងត្បូង អាចនឹងកាត់បន្ថយអង់ទីករការពាររបស់វ៉ាក់សាំងពីក្រុមហ៊ុន Pfizer Inc / BioNTech SE រហូតដល់ទៅ ២ ភាគ ៣ ហើយវាមិនច្បាស់ទេថា តើការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុននឹងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំលែងខ្លួននេះឬទេ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា វ៉ាក់សាំងគឺនៅតែអាចបន្សាបវីរុសបាន ហើយក៏មិនទាន់មានភស្តុតាងពីការសាកល្បងលើមនុស្សគ្រប់គ្រាន់ ដើម្បីអាចបញ្ជាក់ថា វាប្រាកដជាកាត់បន្ថយប្រសិទ្ធភាពលើមនុស្សនៅឡើយទេ។ ប៉ុន្តែពួកគេកំពុងធ្វើការវិនិយោគ និងពិភាក្សាជាមួយអ្នកបង្កើតច្បាប់ អំពីការបង្កើតវ៉ាក់សាំង mRNA ជំនាន់ថ្មី ឬការចាក់ថ្នាំបង្ការរោគបន្ថែមប្រសិនបើចាំបាច់។

ចំពោះនៅក្នុងការស្រាវជ្រាវនេះវិញ គឺអ្នកវិទ្យាសាស្ត្រមកពីតាមក្រុមហ៊ុន និងសាកលវិទ្យាល័យវេជ្ជសាស្ត្រ Texas (UTMB) បានបង្កើតវីរុសគំរូមួយ ដែលដូចគ្នានឹងវីរុសបំលែងខ្លួននៅអាហ្វ្រិកខាងត្បូងឈ្មោះថា B.1.351 ហើយជាទូទៅការបង្កើតមេរោគគំរូ គឺដើម្បីជាគោលដៅក្នុងការបង្កើតវ៉ាក់សាំងថ្មី។ អ្នកស្រាវជ្រាវបានសិក្សាលើវីរុសគំរូនោះ ជាមួយនឹងសំណាកឈាមរបស់អ្នកដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer Inc / BioNTech SE ហើយពួកគេបានរកឃើញថា វ៉ាក់សាំងបានចុះថយកម្រិតបន្សាបរហូតដល់ទៅ ២ ភាគ ៣ បើប្រៀបនឹងជំងឺ COVID-19 ប្រភេទធម្មតា។ ទោះជាយ៉ាងណាក៏ដោយ វានៅមិនទាន់មានការសាកល្បងផ្ទាល់លើមនុស្សនៅឡើយទេ ដូច្នេះអ្នកស្រាវជ្រាវនឹងត្រូវការពេលវេលាសិក្សាបន្ថែមទៀត។ ចំណែកការសិក្សាជាបឋមនេះទៀតសោធ ក៏បានចុះផ្សាយនៅក្នុងកាសែត New England Journal of Medicine ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: