ចាប់តាំងពីដើមខែកុម្ភៈនេះ យោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនបាតុករជិត ៥០០ នាក់មកហើយ
- BY
- autoadmin
- February 18, 2021
ពួកយោធានៃប្រទេសមីយ៉ាន់ម៉ាបានចេញដីកាចាប់ខ្លួនតារាល្បីៗចំនួន ៦នាក់ ក្រោមបទចោទប្រកាន់ញុះញង់ឱ្យមានកូដកម្មនៅក្នុងទីក្រុងម៉ាន់ដាឡេ ដែលនាំឱ្យការចាប់ខ្លួនក្រុមបាតុករគិតមកទល់ពេលនេះ គឺបានកើនឡើងដល់ ៥០០ នាក់ហើយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ កាលពីយប់ថ្ងៃពុធ ទី១៧ ខែកុម្ភៈម្សិលមិញនេះ ក្រុមសន្តិសុខក៏បានធ្វើការបាញ់បោះនៅក្នុងទីក្រុងធំជាងគេទី២ របស់ប្រទេសនេះ ដើម្បីបង្ក្រាបក្រុមបាតុករ ដែលពួកគេបានព្យាយាមបញ្ឈប់រថភ្លើងមួយ ដើម្បីបង្ហាញពីចលនារើបម្រះ (Civil Disobedience Movement) ។

មនុស្សរាប់រយរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវនៅទូទាំងប្រទេសកាលពីថ្ងៃពុធ នៅក្នុងការតវ៉ាធំៗមួយចំនួន ពិសេសគឺប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី០១ កាលពីដើមខែកុម្ភៈ និងការឃុំខ្លួនមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជី ។ ការដើរក្បួនតាមដងផ្លូវគឺប្រកបដោយសន្តិភាព ប៉ុន្តែវាបានធ្វើឱ្យរសើបយ៉ាងខ្លាំងដល់ពួកមន្ត្រីយោធា។ យោធាបានប្រកាសនៅល្ងាចថ្ងៃពុធនេះថា តារាល្បីៗទាំង ៦នាក់ ដែលរួមមានអ្នកដឹកនាំរឿង តួសម្តែង និងអ្នកចម្រៀង ត្រូវបានគេតាមចាប់ខ្លួននៅក្រោមច្បាប់ប្រឆាំងការញុះញង់លើកទឹកចិត្តដល់មន្រ្តីរាជការឱ្យចូលរួមក្នុងការតវ៉ានេះ។ ជម្រាបដែរថា ការចោទប្រកាន់អាចអនុវត្តទោសជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






