អន្តរជាតិ

ក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech កំពុងសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ពួកគេលើស្ត្រីមានផ្ទៃពោះ

BY
autoadmin
February 19, 2021

ក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ពួកគេចាប់ផ្តើមការសិក្សាជាអន្តរជាតិមួយជាមួយអ្នកស្ម័គ្រចិត្តប្រមាណ ៤,០០០ នាក់ ដើម្បីវាយតម្លៃសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំពោះស្ត្រីមានផ្ទៃពោះដែលមានសុខភាពល្អ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ដូចយើងធ្លាប់បានដឹងហើយថា ស្ត្រីមានផ្ទៃពោះគឺមានហានិភ័យខ្ពស់ក្នុងការវិវត្តជំងឺធ្ងន់ធ្ងរ ហើយមន្ត្រីសុខាភិបាលសាធារណៈជាច្រើនបានណែនាំឱ្យស្ត្រីមានហានិភ័យខ្ពស់ត្រូវចាក់វ៉ាក់សាំងការពារ បើទោះបីជាគ្មានភស្តុតាងបញ្ជាក់ថា វ៉ាក់សាំងមានសុវត្ថិភាពសម្រាប់ពួកគេក៏ដោយ។

កាលពីសប្តាហ៍មុនវិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក ក៏បានអំពាវនាវឱ្យមានការដាក់ស្ត្រីមានផ្ទៃពោះ និងបំបៅកូន ចូលទៅក្នុងការស្រាវជ្រាវវ៉ាក់សាំងការពារជំងឺ COVID-19 ឱ្យបានទូលំទូលាយផងដែរ។ ហើយអ្នកជំនាញផ្នែកជីវវេជ្ជសាស្ត្រវ៉ាក់សាំង និងអ្នកជំនាញផ្នែកសុខភាពមាតា បានអះអាងអស់រយៈពេលជាច្រើនឆ្នាំមកហើយថា ស្ត្រីមានផ្ទៃពោះគួរតែត្រូវបានរាប់បញ្ចូលក្នុងដំណាក់កាលដំបូងនៃការចាក់វ៉ាក់សាំងបង្ការរោគ ដូច្នេះពួកគេមិនចាំបាច់រង់ចាំវ៉ាក់សាំងក្រោយគេនោះទេ។ តែទោះយ៉ាងណាស្ត្រីមានផ្ទៃពោះពីមុនមកត្រូវបានគេដកចេញពីការសាកល្បងធំៗ ដែលត្រូវបានធ្វើឡើងដើម្បីទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងង្ការជំងឺ COVID-19 ។

ក្រុមហ៊ុនបាននិយាយថា​ ដំបូងពួកគេត្រូវធ្វើឱ្យប្រាកដថាវ៉ាក់សាំងទាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាពជាទូទៅ។ នៅសហរដ្ឋអាមេរិក និយ័តករតម្រូវឱ្យអ្នកផលិតឱសថធ្វើការសិក្សាអំពីសុវត្ថិភាពលើសត្វមានផ្ទៃពោះជាមុន មុនពេលសាកល្បងវ៉ាក់សាំងលើស្ត្រីមានផ្ទៃពោះ ដើម្បីធានាថាពួកគេមិនបង្កគ្រោះថ្នាក់ដល់ទារក ឬនាំឱ្យរលូតកូន។ ស្ត្រីមានផ្ទៃពោះនៅសហរដ្ឋអាមេរិកបានទទួលការចាក់លើកដំបូងរបស់ពួកគេរួចរាល់ហើយ ខណៈការស្រាវជ្រាវថ្មីនេះនឹងធ្វើតេស្តលើស្ត្រីមានផ្ទៃពោះដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ នៅសហរដ្ឋអាមេរិក កាណាដា អាហ្សង់ទីន ប្រេស៊ីល ឈីលី ម៉ូហ្សំប៊ិក អាហ្វ្រិកខាងត្បូង អង់គ្លេស និងអេស្ប៉ាញ។

ស្ត្រីនឹងទទួលបានវ៉ាក់សាំងក្នុងអំឡុងរយះពេលមានគភ៌ពី ២៤-៣៤ សប្ដាហ៍ ដោយទទួលការចាក់ ២ដង ក្នុងរយៈពេល ២១ថ្ងៃ ចន្លោះពីគ្នា។ ក្រុមហ៊ុនបាននិយាយថា ភ្លាមៗបន្ទាប់ពីសម្រាលកូនអ្នកចូលរួមដែលទទួលបានការប្រើថ្នាំសាកល្បងបែប placebo នឹងត្រូវបានផ្តល់ឱកាសដើម្បីទទួលបានវ៉ាក់សាំងពិតប្រាកដ ហើយនឹងនៅតែជាផ្នែកនៃការសិក្សានោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: