ប្រទេសអង់គ្លេសនិងកាណាដា បានប្រកាសដាក់ទណ្ឌកម្មលើមេដឹកនាំយោធាលោក មីន អ៊ុងឡាំង ចំពោះតួនាទីរបស់យោធានៅក្នុងការធ្វើរដ្ឋប្រហារក្នុងប្រទេសមីយ៉ាន់ម៉ា
- BY
- autoadmin
- February 19, 2021
ប្រទេសអង់គ្លេសនិងកាណាដា បានប្រកាសដាក់ទណ្ឌកម្មលើមេដឹកនាំយោធាមីយ៉ាន់ម៉ាមួយចំនួន ចំពោះតួនាទីរបស់ពួកគេនៅក្នុងការធ្វើរដ្ឋប្រហារចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតីលោក វីន ម្យីន៍ ហើយការប្រកាសនេះគឺតាមគន្លងអាមេរិក ដែលទើបតែប្រកាសដាក់ទណ្ឌកម្មលើប្រទេសនេះដូចគ្នា។ រដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ខ្លួនដាក់បំរាមលើការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិលើមន្រ្តីយោធាមីយ៉ាន់ម៉ាចំនួន ៣នាក់។ ជម្រាបដែរថា អង់គ្លេសធ្លាប់ដាក់ទណ្ឌកម្មលើសមាជិកយោធាមីយ៉ាន់ម៉ាមួយចំនួន រាប់បញ្ចូលទាំងឧត្តមសេនីយឯក មីន អ៊ុងឡាំង មុនពេលមានការធ្វើរដ្ឋប្រហារនៅប្រទេសនេះ ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្ស។

រដ្ឋមន្រ្តីក្រសួងការបរទេសលោក Dominic Raab បាននិយាយថា ចក្រភពអង់គ្លេសរួមជាមួយសម្ព័ន្ធមិត្តអន្តរជាតិនឹងស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ ប្រទេសកាណាដាក៏បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះដែរថា ខ្លួនកំពុងដាក់ទណ្ឌកម្មស្រដៀងគ្នានេះទៅលើមន្ត្រីយោធា ៩ រូប ក្នុងនោះក៏មានលោក មីន អ៊ុងឡាំង ផងដែរ។ រដ្ឋមន្រ្តីក្រសួងការបរទេសកាណាដាលោក Marc Garneau បាននិយាយថា ប្រទេសកាណាដាបានបន្ទរការអំពាវនាវរបស់ដៃគូអន្តរជាតិរបស់ខ្លួនធ្វើការរួមគ្នា ដើម្បីឱ្យយោធាមីយ៉ាន់ម៉ាដោះលែងអ្នកដែលត្រូវបានគេឃុំឃាំងក្នុងអំឡុងពេលធ្វើរដ្ឋប្រហារ រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។ ចំណែករដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានស្វាគមន៍ចំពោះការដាក់ទណ្ឌកម្មនេះ ដោយបានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «យើងជំរុញសហគមន៍អន្តរជាតិឱ្យផ្ញើសាររួមមួយ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ»៕



អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






