អន្តរជាតិ

ចូលរួមរំលែកទុក្ខផង! នារីជាបាតុករមីយ៉ាន់ម៉ាម្នាក់បានស្លាប់ ក្រោយត្រូវប៉ូលីសវាយប្រហារចំក្បាល និងសម្រាកព្យាបាលនៅពេទ្យបានមួយសប្ដាហ៍

BY
autoadmin
February 19, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ស្ត្រីជនជាតិមីយ៉ាន់ម៉ាអាយុ ២០ឆ្នាំម្នាក់ បានក្លាយជាមនុស្សដំបូងដែលបានស្លាប់ នៅក្នុងការតវ៉ាប្រឆាំងរដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីស្ត្រីរូបនោះត្រូវបានប៉ូលីសបាញ់ចំក្បាល។ ស្ត្រីរូបនោះមានឈ្មោះថា Mya Thwe Thwe Khaing បានរងរបួសក្បាលកាលពីសប្តាហ៍មុន នៅពេលដែលក្រុមប៉ូលីសព្យាយាមបំបែកក្រុមអ្នកតវ៉ា ដោយប្រើកាណុងបាញ់ទឹក បាញ់គ្រាប់កាំភ្លើងជ័រ និងគ្រាប់កាំភ្លើងពិតគួបផ្សំគ្នា។ ក្រុមសិទិ្ធមនុស្សបាននិយាយថា មុខរបួសរបស់ស្ត្រីរងគ្រោះគឺត្រូវជាមួយគ្រាប់កាំភ្លើងពិត។

មន្ទីរពេទ្យក្នុងរដ្ឋធានីណៃពិដោបានបញ្ជាក់ពីការស្លាប់របស់ស្ត្រីរងគ្រោះនៅម៉ោង ១១ និង ០០ នាទី ម៉ោងក្នុងស្រុក ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ហើយសមាជិកនៃគណៈកម្មាធិការបុណ្យសពបានប្រាប់ BBC ភូមាថា ការរៀបចំពិធីបុណ្យសពកំពុងត្រូវបានធ្វើឡើង ហើយព័ត៌មានលម្អិតបន្ថែមទៀតនឹងត្រូវចេញផ្សាយក្នុងពេលឆាប់ៗនេះ។ ជម្រាបដែរថា ចាប់តាំងពីរដ្ឋប្រហារយោធាបានចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី ប្រធានាធិបតីលោក វីន ម្យីន៍ និងសមាជិកបក្សកាន់អំណាចផ្សេងទៀត ការតវ៉ាក៏ចាបផ្ដើមមានឡើងតាំងពីពេលនោះមកនៅទូទាំងប្រទេស ហើយវាក៏បានបង្កឱ្យមានការផ្ទុះអាវុធ ការចាប់ខ្លួនបាតុករ និងអំពើហិង្សាឡើងផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: