អន្តរជាតិ

អ្នកគាំទ្រលោក ដូណាល់ ត្រាំ ទំនងនឹងសម្រុកចូលវិមានកាពីតូលម្ដងទៀត ដោយសារមានជំនឿថាលោកនឹងត្រឡប់មកវិញ

BY
autoadmin
February 20, 2021

អ្នកប្រជាធិបតេយ្យឈានមុខមួយរូបបានព្រមានថា ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ប្រហែលជាកំពុងរៀបចំផែនការវាយប្រហារមួយទៀតទៅលើវិមានកាពីតូល សម្រាប់ថ្ងៃទី០៤ ខែមីនា ខែក្រោយនេះ។ លោក Adam Smith ដែលជាប្រធានគណៈកម្មាធិការសេវាអាវុធបានបញ្ជាក់ថា កងទ័ពឆ្មាំជាតិជិត ៥,០០០ នាក់ នឹងនៅតែបន្តនៅក្នុងទីក្រុងវ៉ាស៊ីនតោនសម្រាប់ខែក្រោយនេះ ជុំវិញការព្រួយបារម្ភពីអំពើហិង្សាដែលអាចកើតមានឡើង។ ទូរទស្សន៍ CNN បានរាយការណ៍ថា ការភ័យខ្លាចនេះបានកើតចេញពីការសន្ទនាតាមអ៊ីនធឺណេតក្នុងចំណោមអ្នកគាំទ្រ QAnon ដែលជឿជាក់ថា លោក ដូណាល់ ត្រាំ អាចវិលត្រឡប់ជាប្រធានាធិបតីវិញនៅថ្ងៃទី០៤ ខែមីនា។

ជំនឿនេះកើតចេញពីចលនាជ្រុលនិយមមួយទៀតដែលត្រូវបានគេស្គាល់ថា ជាពលរដ្ឋអធិបតេយ្យ ដែលពួកគេជឿថារដ្ឋាភិបាលអាមេរិកបច្ចុប្បន្នគឺមិនស្របច្បាប់នោះទេ។ អ្នកគាំទ្រ QAnon បានជឿថាលោក ដូណាល់ ត្រាំ នឹងត្រូវបានសម្ពោធជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក «ពិតប្រាកដ» នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដែលធ្លាប់ជាថ្ងៃសម្ពោធជាផ្លូវការ មុនកាលបរិច្ឆេទត្រូវបានផ្លាស់ប្តូរទៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៣៣។ វាគ្រាន់តែជាជំនឿជ្រុលនិយមមួយ ហើយលោក Adam Smith ក៏មិនគិតថានឹងមានការវាយលុកដូចមុនម្ដងទៀតដែរ ប៉ុន្តែយ៉ាងណាកងទ័ពឆ្មាំជាតិប្រមាណជា ៤,៩០០នាក់ ត្រូវបានគេស្នើឱ្យឈរជើងនៅទីនោះរហូតដល់ថ្ងៃទី១២ ខែមីនា៕

អត្ថបទ៖ លីដា
ប្រភព៖ Unilad

Share This Post: