អន្តរជាតិ

ប្រធានាធិបតីលោក ចូ បៃដិន គ្រោងសេចក្តីប្រកាសគ្រោះមហន្តរាយសម្រាប់រដ្ឋតិចសាស់ ដោយសារផលវិបាកនៃអាកាសធាតុត្រជាក់ខ្លាំងពេក

BY
autoadmin
February 20, 2021

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងប្រកាសគ្រោះមហន្តរាយសម្រាប់រដ្ឋតិចសាស់ ដែលការប្រកាសនេះនឹងបើកផ្លូវឱ្យមានជំនួយពីសហព័ន្ធកាន់តែច្រើន សម្រាប់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះនៅរដ្ឋនេះ។ ឥឡូវនេះអគ្គិសនីកំពុងវិលត្រឡប់មកវិញជាបណ្ដើរៗ ហើយសីតុណ្ហភាពក៏បានកើនឡើងកម្ដៅបន្ដិចវិញ ប៉ុន្តែប្រជាជនប្រមាណ ១៣ លាននាក់ នៅតែប្រឈមមុខនឹងការលំបាកក្នុងការទទួលបានទឹកស្អាត។ លោក ចូ បៃដិន បាននិយាយថា លោកនឹងធ្វើទស្សនកិច្ចនៅរដ្ឋតិចសាស់នេះ ដរាបណាវត្តមានរបស់លោកមិនមែនជាបន្ទុកលើកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះទេនោះ។ ជម្រាបដែរថា មនុស្សជិត ៦០នាក់ បានស្លាប់ ដោយសារអាកាសធាតុត្រជាក់នៅទូទាំងសហរដ្ឋអាមេរិក។

អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានបញ្ជាក់ថា លោក ចូ បៃដិន បានស្នើឱ្យក្រុមរបស់លោកពន្លឿនសំណើរបស់រដ្ឋតិចសាស់ សម្រាប់ការប្រកាសអំពីគ្រោះមហន្តរាយ។ មន្ត្រីរដ្ឋបាលម្នាក់បាននិយាយថា គាត់ក៏មានទំនាក់ទំនងជាមួយអភិបាលក្រុងនៃទីក្រុងធំៗមួយចំនួននៃរដ្ឋតិចសាស់ ដូចជាហ៊ូស្តុន អូស្ទីន និងដាឡាស ដើម្បីធានាថាពួកគេអាចទទួលបានធនធានរបស់រដ្ឋាភិបាល។ បណ្តារដ្ឋនៅភាគខាងត្បូងជាច្រើនទៀតដែលរងគ្រោះដោយព្យុះព្រិល និងទឹកកកនៅសប្តាហ៍នេះ ក៏បានរាយការណ៍ពីការដាច់សេវាទឹកផងដែរ។ គួរឱ្យដឹងដែរថា អាកាសធាតុរដូវរងារនៅសហរដ្ឋអាមេរិកឆ្នាំនេះ បានកាត់ផ្តាច់ទឹកនៅក្នុងទីក្រុង Jackson រដ្ឋ Mississippi ដែលមានប្រជាជនរស់នៅប្រមាណ ១៥០,០០០ នាក់ ក៏ដូចជាតំបន់ធំបំផុតនៅ Tennessee ដែលរួមមានទីក្រុង Memphis ដែលមានប្រជាជនជាង ៦៥១,០០០ នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: