អាមេរិកបង្ហូតទង់ជាតិពាក់កណ្ដាលដង ខណៈលោក ចូ បៃដិន ធ្វើពិធីអុជទៀនឧទ្ទិសដល់ពលរដ្ឋអាមេរិក ៥០ម៉ឺននាក់ ដែលបានស្លាប់ព្រោះជំងឺកូវីដ១៩
- BY
- autoadmin
- February 23, 2021
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងដឹកនាំការធ្វើពិធីអុជទៀនមួយ ដើម្បីឧទ្ទិសដល់ជនជាតិអាមេរិក ដែលបានស្លាប់ដោយសារជំងឺ COVID-19 បន្ទាប់ពីប្រទេសនេះបានកត់ត្រាការស្លាប់សរុបដោយសារជំងឺនេះចំនួន ៥០០,០០០ នាក់ កាលពីថ្ងៃច័ន្ទ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ចំនួនអ្នកស្លាប់នៅអាមេរិកបានកើនដល់ ៥០០,០៥៤ នាក់ គិតត្រឹមថ្ងៃច័ន្ទ ខណៈមានករណីឆ្លងសរុបចំនួន ២៨ លានករណី នៅទូទាំងប្រទេសចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ។
លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Psaki បាននិយាយថា ទង់ជាតិអាមេរិកនៅឯអគារសហព័ន្ធទាំងអស់ នឹងត្រូវបង្ហូតតែពាក់កណ្តាលសម្រាប់រយៈពេល ៥ថ្ងៃ ដើម្បីសម្គាល់ដល់ការស្លាប់ដ៏សោកសៅនេះ។ ចំណែកលោក ចូ បៃដិន នឹងនៅស្ងៀមស្ងាត់មួយសន្ទុះនៅក្នុងពិធីអុជទៀនឧទ្ទិសនោះ ដោយមានការចូលរួមពីភរិយារបស់គាត់ ក៏ដូចជាអនុប្រធានាធិបតី Kamala Harris និងប្តីរបស់លោកស្រីគឺលោក Doug Emhoff ។
លោកប្រធានាធិបតីបានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងដល់ ៦០ ម៉ឺននាក់ ហើយបានសន្យាថា ប្រជាជនអាមេរិកទាំងមូលនឹងត្រូវចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នានៅខែកក្កដា។ យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា សហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងជំងឺ COVID-19 សរុបច្រើនបំផុត ហើយក៏មានការស្លាប់ដោយសារជំងឺ COVID-19 ច្រើនបំផុតនៅលើពិភពលោកនេះ៕
អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post: