អន្តរជាតិ

ប្រទេសថៃនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនដល់ក្រុមពលរដ្ឋអាទិភាព ចាប់ពីចុងសប្ដាហ៍នេះតទៅ

BY
autoadmin
February 24, 2021

នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បាននិយាយថា ប្រទេសថៃនឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ក្រុមអាទិភាពនានា រួមទាំងបុគ្គលិកសុខាភិបាលនៅចុងសប្តាហ៍នេះ។ រំលឹកដែរថា ប្រទេសថៃទើបតែបានអនុម័តឱ្យមានការប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងបង្ការរបស់ក្រុមហ៊ុនចិន Sinovac Biotech កាលពីថ្ងៃច័ន្ទ ហើយកញ្ចប់វ៉ាក់សាំងដំបូងចំនួន ២០០ ០០០ ដូស នៃវ៉ាក់សាំងសរុប ២ លានដូស នឹងមកដល់នៅថ្ងៃពុធនេះផ្ទាល់។

នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បានសរសេរនៅក្នុងហ្វេសប៊ុកថា៖«យើងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងជូនដល់ក្រុមគោលដៅក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីវ៉ាក់សាំងបង្ការមកដល់»។ វ៉ាក់សាំង Sinovac នឹងត្រូវបានផ្តល់ឱ្យក្រុមអាទិភាពនៅក្នុងខេត្តចំនួន ១៣ ហើយច្រើនជាងពាក់កណ្តាលនៃចំនួន ២០០ ០០០ ដូសដំបូង នឹងត្រូវបានគេកំណត់សម្រាប់ខេត្តសាមុតសាខន ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងចុងក្រោយបង្អស់របស់ប្រទេសថៃ និងរដ្ឋធានីបាងកក។ វ៉ាក់សាំងចំនួន ៨០០ ០០០ ដូសទៀត នឹងមកដល់នៅខែមីនា ហើយ ១ លានទៀត នៅខែមេសា៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: