អន្តរជាតិ

ការតវ៉ាប្រឆាំងនឹងក្រុមយោធាមិនទាន់ចប់ទៅវិញផង ឥឡូវមីយ៉ាន់មាមានទាំងក្រុមអ្នកគាំទ្រយោធាចេញមកតវ៉ាទៀត

BY
autoadmin
February 26, 2021

ពលរដ្ឋដែលត្រូវបានគេជឿថាជាអ្នកគាំទ្រយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានធ្វើការជួបជុំគ្នាលើកដំបូងរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ ដោយមានទាំងការវាយប្រហារមកលើក្រុមបាតុករដែលប្រឆាំងរដ្ឋប្រហារផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា មនុស្សប្រហែល ១,០០០ នាក់ បានដើរក្បួនគាំទ្រពួកយោធានៅទីក្រុងយ៉ាំងហ្គោន ដោយពួកគេបានកាន់ទង់យោធា ហើយស្រែកឈ្មោះមេដឹកនាំយោធាលោកឧត្តមសេនីយ មីន អ៊ុងឡាំង ។

ក្រុមអ្នកគាំទ្រយោធាខ្លះមានដំបងនិងកាំបិតជាប់ខ្លួន ហើយបានវាយប្រហារក្រុមបាតុករប្រឆាំងរដ្ឋប្រហារមួយចំនួន ដែលពួកគេក៏កំពុងធ្វើបាតុកម្មទ្រង់ទ្រាយធំដូចគ្នា។ ពោលគឺរយៈពេល ២០ថ្ងៃ ជាប់ៗគ្នាមកហើយ ដែលបាតុករប្រឆាំងយោធាបានប្រមូលផ្ដុំគ្នា ចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី០១ ខែកុម្ភៈ ខណៈដែលក្រុមគាំទ្រយោធានេះទើបតែបង្ហាញវត្តមានប៉ុណ្ណោះ។ ក្រុមបាតុករប្រឆាំងរដ្ឋប្រហារបានស្រែកទាមទារឱ្យមានការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងមន្រ្តីដែលជាប់ឃុំឃាំងផ្សេងទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: