អន្តរជាតិ

ចក្រភពអង់គ្លេសរកឃើញករណីជំងឺកូវីដ១៩បំលែងខ្លួនពីប្រេស៊ីល ដែលមានការចម្លងខ្លាំង ហើយមិនត្រូវជាមួយវ៉ាក់សាំងបច្ចុប្បន្ននោះទេ

BY
autoadmin
March 1, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ជំងឺ COVID-19 បំលែងថ្មីដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសប្រេស៊ីល ឥឡូវនេះត្រូវបានគេរកឃើញវត្តមាននៅក្នុងចក្រភពអង់គ្លេសហើយ។ មានករណីចំនួន ៣ ត្រូវបានគេរកឃើញនៅក្នុងប្រទេសអង់គ្លេស និងចំនួន ៣ ដាច់ដោយឡែកពីគ្នាត្រូវបានគេរកឃើញនៅស្កុតឡេន។ ប្រភេទជំងឺ COVID-19 មកពីប្រេស៊ីលនេះត្រូវបានមន្ត្រីសុខាភិបាលនិយាយថា មានការបំលែងស្រដៀងគ្នាជាមួយវីរុសនៅអាហ្វ្រិកខាងត្បូង ដែលវាមិនឆ្លើយតបជាមួយវ៉ាក់សាំងបង្ការបច្ចុប្បន្ននោះទេ។

វីរុសបំលែងថ្មីនេះ (P1) ត្រូវបានរកឃើញដំបូងគេពីអ្នកធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ចេញពីក្រុង Manaus នៅភាគខាងជើងប្រទេសប្រេស៊ីលកាលពីខែមករា ហើយវាមានការចម្លងលឿនជាងប្រភេទពីមុនៗទៅទៀត។ ការពិតទៅអង់គ្លេសធ្លាប់មានករណីឆ្លងជំងឺ COVID-19 ប្រភេទមកពីប្រេស៊ីលម្ដងដែរកាលពីខែមករា ប៉ុន្តែប្រភេទនោះមិនចាត់ចូលជាការបំលែងដែលគួរឱ្យព្រួយបារម្ភនោះទេ (variant of concern)។

មានការព្រួយបារម្ភផងដែរថា វ៉ាក់សាំងបង្ការប្រហែលជាមិនមានប្រសិទ្ធភាពលើវានោះទេ ប៉ុន្តែយ៉ាងណាសាស្រ្តាចារ្យ Stephen Powis របស់ NHS អង់គ្លេសបាននិយាយថា វ៉ាក់សាំងអាចត្រូវបានសម្របទៅតាមជំងឺយ៉ាងឆាប់រហ័ស ហើយអាជ្ញាធរកំពុងតាមដានបង្កើនការប្រុងប្រយ័ត្ន និងតេស្ដរកជំងឺបន្ថែមទៀត ចំពោះតំបន់ដែលមានហានិភ័យខ្ពស់នៅតំបន់មួយចំនួនក្នុងក្រុង Bristol ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: