នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចហើយ
- BY
- autoadmin
- March 1, 2021
នាយករដ្ឋមន្រ្តីលោក Narendra Modi បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបង្កើតនិងផលិតដោយប្រទេសឥណ្ឌាឈ្មោះថា Covaxin ដោយបានបើកឆាកដំណាក់កាលទី២ នៃការចាក់ថ្នាំបង្ការរោគដ៏ធំរបស់ប្រទេស។ ប្រទេសឥណ្ឌាបានឈានចូលដំណាក់កាលបន្ទាប់ នៃយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅថ្ងៃច័ន្ទម្សិលមិញនេះផ្ទាល់ ហើយលើកនេះគឺរាប់បញ្ចូលទាំងមនុស្សអាយុលើសពី ៦០ឆ្នាំ និងអ្នកមានអាយុលើសពី ៤៥ឆ្នាំ។ លោកនាយករដ្ឋមន្ត្រីវ័យ ៧០ ឆ្នាំរូបនេះ បានក្លាយជាមនុស្សដំបូងបង្អស់ក្នុងក្រុមអាយុលើសពី ៦០ឆ្នាំ ដែលបានទទួលវ៉ាក់សាំងបង្ការ នៅឯមន្ទីរពេទ្យ AIIMS នៅទីក្រុងដេលី។

លោក Narendra Modi បានសរសេរនៅលើបណ្ដាញ Twitter ថា៖«វាគួរឱ្យកត់សម្គាល់ពីរបៀបដែលវេជ្ជបណ្ឌិត និងអ្នកវិទ្យាសាស្ត្ររបស់យើង បានធ្វើការយ៉ាងឆាប់រហ័សដើម្បីពង្រឹងការប្រយុទ្ធជាសកលប្រឆាំងនឹងជំងឺ COVID-19»។ លោកក៏បានជំរុញឱ្យអ្នកដែលមានអាទិភាព អញ្ចើញទៅទទួលវ៉ាក់សាំងបង្ការ ដើម្បីចូលរួមការទប់ស្កាត់ជំងឺរាតត្បាតទាំងអស់គ្នា។ ការពិតទៅលោកនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់ដោយត្រង់ៗថា តើវ៉ាក់សាំងណាមួយដែលគាត់បានទទួលនោះទេ ប៉ុន្តែនៅក្នុងវីដេអូនៃសកម្មភាពចាក់វ៉ាក់សាំងបានបង្ហាញថា វាជាវ៉ាក់សាំងផលិតក្នុងស្រុក Covaxin របស់ក្រុមហ៊ុនឱសថ Bharat ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់កាលពីខែមករាកន្លងទៅ៕


អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






