អន្តរជាតិ

នៅចាំលោកតាម្នាក់នេះទេ? ពេលនេះគាត់បានទទួលមរណភាពហើយ ដោយសារតែគាត់មានជំងឺរលាកសួត ហើយក្រោយមកឆ្លងជំងឺកូវីដ១៩បន្ថែមទៀត

BY
autoadmin
March 3, 2021

លោកតា Tom Moore ដែលធ្លាប់រៃអង្គាសប្រាក់បានជាង ៣០ លានផោន សម្រាប់សេវាសុខភាពជាតិ NHS បានទទួលមរណភាពនៅឯមន្ទីរពេទ្យនាពេលថ្មីៗនេះ បន្ទាប់ពីជំងឺរលាកសួតរបស់គាត់កាន់តែធ្ងន់ធ្ងរ ហើយគាត់ក៏បានឆ្លងជំងឺ COVID-19 នៅអំឡុងពេលជំងឺសួតរបស់គាត់ធ្វើទុក្ខផងដែរ នេះបើតាមការចុះផ្សាយរបស់ Guinness World Records ។ អតីតអនុសេនីយ៍ ដែលមានវ័យ ១០០ឆ្នាំរូបនេះ ធ្លាប់បានបំបែកឯតទគ្គកម្មសម្រាប់ការរៃអង្គាសប្រាក់បានច្រើនបំផុត ដោយការដើរសប្បុរសធម៌ ជាមួយនឹងចំនួនប្រាក់ដ៏គួរឱ្យភ្ញាក់ផ្អើលគឺ ៣២,៧៩៦,១៥៥ ផោន ឬ ៤៤,៥២៨,១០០ ដុល្លារអាមេរិក ពីវេបសាយ JustGiving គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

ចំនួនដ៏ច្រើននោះបានបំបែកកំណត់ត្រាចាស់ ដែលមានតាំងតែពី ៤០ ឆ្នាំមុនមកម្ល៉េះ ហើយនៅក្នុងបទសម្ភាសន៍ជាមួយកំណត់ត្រាពិភពលោកហ្គីនណេស លោកតា Tom Moore បានសម្ដែងនូវភាពរីករាយដែលគាត់បានទទួលកំណត់ត្រាដ៏អស្ចារ្យនេះ ជាពិសេសគឺលោកតាបានអរគុណចំពោះសប្បុរសជន ដែលបានចូលរួមនៅក្នុងការរៃអង្គាសប្រាក់ដើម្បីជួយដល់សេវាសុខភាពជាតិ។

ជម្រាបដែរថាលោក Tom Moore គឺជាទាហានជើងចាស់នៅជំនាន់សង្គ្រាមលោកលើកទី២ រស់នៅ Marston Moretaine តំបន់ Bedfordshire ខោនធី ។ គោលបំណងរបស់គាត់ដំបូងឡើយ គឺគ្រាន់តែដើរ ១០០ជុំ នៅក្នុងសួនច្បារផ្ទះរបស់គាត់ ដើម្បីប្រមូលថវិកាគ្នាចំនួន ១,០០០ ផោន សម្រាប់ជូនដល់សេវាសុខភាពជាតិប៉ុណ្ណោះ។ គាត់មានបំណងដើរឱ្យបាន ១០០ជុំ មុនពេលថ្ងៃខួបកំណើតគម្រប់ ១០០ឆ្នាំ របស់គាត់ចូលមកដល់ ហើយគាត់បានបំពេញបំណងនោះនៅថ្ងៃទី១៦ ខែមេសាឆ្នាំមុន៕

អត្ថបទ៖ លីដា
ប្រភព៖ Guinness World Records

Share This Post: