អន្តរជាតិ

ក្រោយពីប្រកាសរកសង្សារទៅដើរលេងភពព្រះច័ន្ទមិនបាន ឥឡូវនេះមហាសេដ្ឋីជប៉ុន Yusaku Maezawa ប្រកាសរកមនុស្សចំនួន ៨នាក់ នៅលេងទីនោះជាមួយគាត់

BY
autoadmin
March 3, 2021

មហាសេដ្ឋីជនជាតិជប៉ុនលោក Yusaku Maezawa បានអញ្ជើញសមាជិកសាធារណៈចំនួន ៨នាក់ ឱ្យមកចូលរួមជាមួយគាត់សម្រាប់ដំណើរកម្សាន្តជុំវិញភពព្រះច័ន្ទ តាមរយៈយានអវកាសក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីពាន់លានលោក Elon Musk ។ សេដ្ឋីជប៉ុនរូបនោះបាននិយាយនៅក្នុងវីដេអូតាមរយៈបណ្តាញសង្គម Twitter ថា៖«ខ្ញុំចង់ឱ្យប្រជាជនមកពីគ្រប់មជ្ឈដ្ឋានចូលរួមជាមួយខ្ញុំ» ដោយលោកនឹងចំណាយលើការធ្វើដំណើរទាំងមូល ដូច្នេះអ្នកចូលរួមនឹងមិនព្រួយរឿងថ្លៃចំណាយនោះទេ។ បេសកកម្មនេះមានឈ្មោះថា dearMoon ដែលគ្រោងនឹងហោះហើរនៅឆ្នាំ២០២៣។

គាត់បាននិយាយថា អ្នកដាក់ពាក្យត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យ ២ គឺពួកគេគួរតែជម្រុញ «សកម្មភាពអ្វីក៏ដោយ» ដើម្បីជួយអ្នកដទៃនិងសង្គមកាន់តែច្រើនតាមមធ្យោបាយណាមួយ ហើយពួកគេមានឆន្ទៈជួយសមាជិកដទៃទៀត ដែលមានសេចក្តីប្រាថ្នាស្រដៀងគ្នានេះ។ លោកបានបន្ថែមថា លោកបានទិញកៅអីរបស់យានអវកាសសម្រាប់បេសកកម្មនោះរួចអស់ហើយ ដូច្នេះវាជាការហោះហើយលក្ខណៈឯកជនមួយ។

គួររំលឹកដែរថា មហាសេដ្ឋីជប៉ុនរូបនេះធ្លាប់បានប្រកាសរើសសង្សារ ដើម្បីទៅដើរលេងនៅភពព្រះច័ន្ទម្ដងហើយកាលពីដើមឆ្នាំ២០២០ ប៉ុន្តែដោយសារអ្នកដាក់ពាក្យច្រើនពេក ហើយគាត់នៅមានចិត្តច្របូកច្របល់ក្នុងការជ្រើសរើសដៃគូ ទើបគម្រោងនោះត្រូវបានរំសាយដល់ឥឡូវ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: