អន្តរជាតិ

WHO ប្រាប់ឱ្យវៀតណាមបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីមានករណីជំងឺផ្ដាសាយបក្សី H5N8 ឆ្លងពីសត្វមកមនុស្សជាលើកដំបូង

BY
autoadmin
March 4, 2021

អង្គការសុខភាពពិភពលោក (WHO) បានព្រមានដល់ប្រទេសវៀតណាម ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត បន្ទាប់ពីមានការបញ្ជាក់ពីករណីឆ្លងវីរុសផ្តាសាយបក្សី H5N8 មកលើមនុស្សជាលើកដំបូងបំផុតនៅក្នុងប្រទេសរុស្ស៊ី ដោយបានកើតលើកម្មករកសិដ្ឋានចិញ្ចឹមសត្វចំនួន ៧នាក់ ដែលមានអាយុពី ២៩ ទៅ ៦០ឆ្នាំ។ ពួកគេបានឆ្លងវីរុសផ្តាសាយប្រភេទ A (H5N8) ហើយ WHO បានបញ្ជាក់ថា នេះគឺជាការរកឃើញដំបូងនៃការឆ្លងជំងឺផ្តាសាយបក្សីលើមនុស្ស។

កម្មករទាំង ៧នាក់នេះ ធ្វើការនៅរោងចក្រកែច្នៃបសុបក្សី ហើយបានប៉ះពាល់នឹងបក្សីដែលឆ្លងជំងឺ។ ពួកគេមិនមានបញ្ហាផ្លូវដង្ហើមអ្វីទេ ហើយឥឡូវក៏មានសុខភាពល្អដែរ។ ក្នុងនោះ WHO បានបញ្ជាក់ដែរថា ទោះបីវាជាករណីឆ្លងមកលើមនុស្សជាលើកដំបូង វានៅតែមិនទាន់មានភស្តុតាងដែលជំងឺអាចឆ្លងពីមនុស្សទៅមនុស្សនៅឡើយទេ ដូច្នេះហានិភ័យរបស់វាក្នុងចំណោមមនុស្សនៅមានកម្រិតទាប។

ការពិតទៅជំងឺផ្តាសាយបក្សី H5N8 នៅមិនទាន់មានវត្តមានក្នុងប្រទេសវៀតណាមនៅឡើយទេ ប៉ុន្តែប្រទេសនេះតែងតែប្រឈមនឹងជំងឺផ្តាសាយបក្សីប្រភេទផ្សេង ដូចជា៖ H5N6 និង H5N1 ដែលសុទ្ធតែជាប្រភេទកាចសាហាវចំពោះសត្វបក្សី។ ដូច្នេះហើយការបង្កើនការយកចិត្តទុកដាក់គឺចាំបាច់បំផុត ដើម្បីអាចការពារពីឱកាសដែលជំងឺផ្ដាសាយបក្សីប្រភេទនេះអាចបំលែងខ្លួនឆ្លងលើមនុស្សបាន៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: