អន្តរជាតិ

គួរឱ្យសរសើរមែន! ទាហានជើងទឹកថៃម្នាក់សុខចិត្តហែលទឹកពីចម្ងាយ ទៅជួយសង្គ្រោះសត្វឆ្មា ៤ក្បាល ដែលគេបោះបង់នៅលើទូកឆេះចោលមួយគ្រឿង

BY
autoadmin
March 4, 2021

ទាហានជើងទឹកថៃមួយរូបបានចុះជួយសង្គ្រោះសត្វឆ្មាតូចៗចំនួន ៤ក្បាល ដែលត្រូវបានគេបោះបង់ចោល នៅលើទូកនេសាទដែលកំពុងឆាបឆេះមួយគ្រឿង នៅឯសមុទ្រ Andaman នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ប្រភពព័ត៌មានបាននិយាយថា ទូកនោះបានឆេះដោយសារកំពប់ប្រេង ហើយនាវិកនៅលើទូកក៏ត្រូវបានគេជួយសង្គ្រោះ និងជម្លៀសចេញរួចហើយដែរ។ យ៉ាងណាលុះដល់ពេលទាហានជើងទឹកចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ ពួកគេបានរកឃើញថា សត្វឆ្មាចំនួន ៤ក្បាល ត្រូវបានគេបោះបង់ចោលនៅលើទូកដែលឆេះនោះ ដោយគ្មាននរណាម្នាក់យកពួកវាឡើងគោកវិញនោះឡើយ ដូច្នេះទើបទាហានជើងទឹកចិត្តល្អរូបនោះបានហែលទៅជួយសង្គ្រោះពួកវាតែម្ដងទៅ។

នៅក្នុងរូបភាពបានបង្ហាញថា ទាហានជើងទឹករូបនោះបានហែលទៅរកទូកដែលក្រឡាប់ មុនពេលគាត់ដាក់សត្វឆ្មានៅលើខ្នង ដើម្បីបញ្ជូនពួកវាទៅកន្លែងមានសុវត្ថិភាពវិញ។ តាមសេចក្តីរាយការណ៍មកថា សត្វឆ្មាតូចៗទាំង ៤ក្បាល មិនមានការរងរបួសអ្វីនោះទេ ហើយមានសុខភាពល្អធម្មតា។ ឥឡូវនេះពួកវាកំពុងត្រូវបានក្រុមអ្នកជួយសង្គ្រោះមើលថែ នៅឯប៉ុស្តិ៍បញ្ជាការកងទ័ពជើងទឹក។ ចំណែកទូកនេសាទ Phamonsin Nava 10 នោះវិញ គឺត្រូវបានគេដឹងថា ដំបូងវាមានអគ្គិភ័យឆាបឆេះឡើង ហើយក្រោយមកទូកក៏បានលិចនៅចម្ងាយ ១៣គីឡូម៉ែត្រ ពីកោះ Adang ក្នុងខេត្ត Satun នៃប្រទេសថៃ ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: