រដ្ឋាភិបាលជប៉ុនគ្រោងពង្រីកស្ថានភាពអាសន្ននៅក្នុងទីក្រុងតូក្យូ និងអាណាខេត្តជិតខាងចំនួន ៣ រយៈពេល ២សប្ដាហ៍
- BY
- autoadmin
- March 4, 2021
នាយករដ្ឋមន្រ្តីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលគ្រោងរបស់លោកនឹងពង្រីកស្ថានភាពអាសន្ននៅក្នុងទីក្រុងតូក្យូ និងអាណាខេត្តជិតខាងចំនួន ៣ រយៈពេល ២សប្តាហ៍ បន្ថែមទៀត។ លោកបាននិយាយថា៖«ខ្ញុំជឿជាក់ថាការពន្យាពេលប្រហែល ២សប្តាហ៍ គឺចាំបាច់ដើម្បីការពារអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជន។ ខ្ញុំចង់ធ្វើការសម្រេចចិត្តចុងក្រោយ បន្ទាប់ពីស្តាប់យោបល់របស់អ្នកជំនាញ និងប្រជាជនដែលមានការព្រួយបារម្ភ» នេះជាការលើកឡើងរបស់លោក ស៊ូហ្កា ។

ជម្រាបដែរថា ស្ថានភាពអាសន្នសម្រាប់ទីក្រុងតូក្យូ កាណាហ្គាវ៉ា សៃតាម៉ា និង ឈីបា បច្ចុប្បន្ននឹងបន្តរហូតដល់ថ្ងៃអាទិត្យទើបផុតកំណត់។ រដ្ឋាភិបាលនឹងស្តាប់យោបល់របស់ក្រុមអ្នកជំនាញជាមូលដ្ឋាននៅថ្ងៃសុក្រស្អែកនេះ ហើយបន្ទាប់មកគេរំពឹងថា នឹងធ្វើការសម្រេចចិត្តចុងក្រោយលើការពន្យាររយៈពេល ២សប្តាហ៍ សម្រាប់ស្ថានភាពបន្ទាន់នោះ។ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា អភិបាលក្រុងតូក្យូ និងអាណាខេត្តជិតខាងចំនួន ៣ បាននិងកំពុងធ្វើការសម្របសម្រួលគ្នា ធ្វើការស្នើរួមគ្នាដល់រដ្ឋាភិបាលកណ្តាល ដើម្បីបន្តរយៈពេលនៃការដាក់តំបន់ទាំងនោះក្នុងស្ថានភាពអាសន្ន៕


អត្ថបទ៖ លីដា
ប្រភព៖ Asiaone
- Share This Post:






