អន្តរជាតិ

បាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ានៅតែបន្ត ខណៈចំនួនអ្នកស្លាប់នៅក្នុងការតវ៉ាបានកើនលើសពី ៥០នាក់ហើយ

BY
autoadmin
March 5, 2021

កម្លាំងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការបង្ក្រាបបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារយោធា ហើយចំនួនអ្នកស្លាប់ក្រោមដៃកម្លាំងសន្តិសុខចាប់តាំងពីរដ្ឋប្រហារកាលពីខែមុនបានកើនលើសពី ៥០ នាក់ហើយ។ ជាក់ស្ដែងពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលត្រូវបានសម្លាប់នៅក្នុងការតវ៉ា ត្រូវបានធ្វើឡើងនៅផ្នែកជាច្រើននៃប្រទេសកាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១។

ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិលោកស្រី Christine Schraner Burgener  បានប្រាប់សន្និសីទកាសែតនៅថ្ងៃពុធថា យ៉ាងហោចណាស់មនុស្ស ៣៨នាក់ ត្រូវបានសម្លាប់នៅថ្ងៃនោះ នៅពេលដែលកម្លាំងសន្តិសុខបានបាញ់ទៅលើក្រុមអ្នកតវ៉ានៅក្នុងទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងធំទី២ និងទីក្រុងដទៃទៀត។ លោកស្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារបានចាប់ផ្តើមនៅថ្ងៃទី០១ ខែកុម្ភៈ។

បាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធាបានបន្តនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយក្រុមអ្នកតវ៉ាមានកាន់ខែល បានស្រែកបន្ទរឱ្យយោធាផ្ដាច់ការត្រូវតែចុះចេញ និងគោរពសន្លឹកឆ្នោតរបស់ពួកគេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា កម្លាំងសន្តិសុខកំពុងបាញ់ទៅលើក្រុមអ្នកតវ៉ានៅទីក្រុងយ៉ាំងហ្គោន និងទីក្រុងដទៃទៀត ដោយបង្កើនការភ័យខ្លាចថានឹងមានអ្នកស្លាប់និងរបួសច្រើនជាងនេះ។

ចំណែកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្រេចបើកកិច្ចប្រជុំមួយនៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាពីស្ថានភាពមីយ៉ាន់ម៉ា។ គេនៅមិនទាន់ច្បាស់ថា តើក្រុមប្រឹក្សាអាចចេញវិធានការណ៍ប្រកបដោយប្រសិទ្ធភាពដើម្បីបញ្ឈប់អំពើហឹង្សាដែរឬទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: