អន្តរជាតិ

ប្រទេសថៃនឹងកាត់បន្ថយការធ្វើចត្តាឡីស័កមកត្រឹម ៧ថ្ងៃ សម្រាប់អ្នកដំណើរចូលប្រទេសខ្លួន ដែលបានចាក់វ៉ាក់សាំងរួច

BY
autoadmin
March 9, 2021

សម្រាប់ឆ្នាំកន្លងមករយៈពេលនៃការដាក់ឱ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) នៅក្នុងប្រទេសថៃ គឺមានរយៈពេល ១៤ថ្ងៃ ហើយពេលខ្លះរហូតដល់ ១៦ថ្ងៃ និង ១៥យប់។ ឥឡូវនេះរដ្ឋាភិបាលថៃបានពិនិត្យមើលរយៈពេលនៃការដាក់ឱ្យនៅដាច់ដោយឡែកឡើងវិញ និងបានប្រកាសពីការផ្លាស់ប្តូរថ្មី។ ដូច្នេះប្រសិនបើអ្នកដំណើរចូលមកប្រទេសថៃបានចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 រួចរាល់ រយៈពេលនៃការដាក់ឱ្យនៅដាច់ពីគ្នានឹងត្រូវកាត់បន្ថយពី ១៤ថ្ងៃ ទៅរយៈពេល ៧ ថ្ងៃវិញ។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយរដ្ឋមន្រ្តីសុខភាពសាធារណៈរបស់ប្រទេសថៃលោក Anutin Charnvirankul នៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃអាទិត្យ។ ហើយបើយោងតាមសារព័ត៌មានរ៉យទ័របានឱ្យដឹងថា អ្នកដែលមិនបានចាក់វ៉ាក់សាំង ប៉ុន្តែមានសំបុត្រពេទ្យដែលបញ្ជាក់ថាពួកគេមិនមានជំងឺ COVID-19 នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ។

លោករដ្ឋមន្រ្តី Anutin មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងត្រូវតែអនុវត្តក្នុងអំឡុងពេល ៣ខែ នៅពេលធ្វើដំណើរទៅប្រទេសថៃ។ អ្នកធ្វើដំណើរនៅតែត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមាន ដែលចេញក្នុងរយៈពេល ៧២ម៉ោង បន្ទាប់ពីពួកគេចាកចេញទៅប្រទេសថៃ។ ចំណែកអ្នកដែលធ្វើដំណើរពីទ្វីបអាហ្រ្វិក នៅតែត្រូវបានគេដាក់ឱ្យនៅដាច់ពីគេរយៈពេល ១៤ថ្ងៃ ដោយសារការព្រួយបារម្ភអំពីវីរុសបំលែងថ្មី៕

អត្ថបទ​៖ លីដា
ប្រភព៖ The Thaiger

Share This Post: