ប្រទេសចិននិងរុស្ស៊ីបានចាប់ដៃគ្នា ដើម្បីធ្វើការសាងសង់ស្ថានីយ៍អវកាសនៅភពព្រះច័ន្ទរួមគ្នា
- BY
- autoadmin
- March 10, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ នេះបាននិយាយថា ប្រទេសចិននិងរុស្ស៊ីបានប្រកាសផែនការសាងសង់ស្ថានីយ៍អវកាសរួមគ្នាមួយនៅឯភពព្រះច័ន្ទ។ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បាននិយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋបាលអវកាសនៃប្រទេសចិន ដើម្បីអភិវឌ្ឍកន្លែងស្រាវជ្រាវនៅលើផ្ទៃភពព្រះច័ន្ទ តាមគន្លងរបស់ភព ឬទាំង ២ តែម្ដង។ គម្រោងនេះក៏នឹងបើកទូលាយចំពោះប្រទេសដទៃទៀត ដែលមានបំណងចង់ប្រើប្រាស់កន្លែងស្រាវជ្រាវនោះផងដែរ។

ការប្រកាសនេះគឺនៅចំពេលដែលប្រទេសរុស្ស៊ី គ្រោងនឹងប្រារព្ធខួបលើកទី៦០ នៃការហោះហើររបស់មនុស្សជាតិជាលើកដំបូងបំផុតទៅកាន់ទីអវកាស។ ចំណែកស្ថានីយ៍វិទ្យាសាស្ត្រអន្តរជាតិនៅភពព្រះច័ន្ទ (International Scientific Lunar Station) នឹងអនុវត្តការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនរួមទាំងការរុករក និងរបកគំហើញថ្មីៗ។ វាបានបន្ថែមទៀតថា ទាំងប្រទេសរុស្ស៊ីនិងចិន នឹងសហការគ្នាក្នុងការរៀបចំផែនការការរចនា ការអភិវឌ្ឍន៍ និងប្រតិបត្តិការស្ថានីយ៍ស្រាវជ្រាវនោះ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






