ប្លែកមែនទែន! ក្រុមហ៊ុនសំណង់យក្សមួយនេះ នឹងសាងសង់សណ្ឋាគារយ៉ាងប្រណីតដំបូងបង្អស់នៅលើទីអវកាស
- BY
- autoadmin
- March 11, 2021
ក្រុមហ៊ុនសំណង់អវកាសខ្នាតធំ Orbital Assembly Corporation (OAC) បានប្រកាសថា ខ្លួនគ្រោងនឹងសាងសង់សណ្ឋាគារ Voyager Class យ៉ាងប្រណីតមួយនៅលើទីអវកាស ដែលអាចទទួលភ្ញៀវបានរហូតដល់ទៅ ៤០០ នាក់។ សណ្ឋាគារ Voyager Class មួយនោះ នឹងមិនត្រឹមតែមានបន្ទប់សម្រាប់លំហែកាយតែមួយមុខនោះទេ វានឹងមានមកជាមួយបារ៍ រោងកុន ភោជនីយដ្ឋាន និងកន្លែងស្ប៉ាជាដើម។ ក្រុមហ៊ុននិយាយថា គម្រោងនេះនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥ ហើយរំពឹងនឹងអាចដំណើរការនៅឆ្នាំ២០២៧។

ក្រុមហ៊ុន OAC គឺជាអ្នកចំណូលថ្មីដែលទើបតែបង្កើតឡើងនៅឆ្នាំ២០១៩ នេះប៉ុណ្ណោះ ហើយពួកគេមានគោលបំណងផ្ដោតសំខាន់លើការកម្សាន្តនៅស្ថានីយអវកាស (Voyager Station)។ បើតាមវេបសាយរបស់ក្រុមហ៊ុនបាននិយាយថា ពួកគេនឹងបំពាក់ប្រព័ន្ធដែលអាចបង្កើតបានជាទំនាញសិប្បនិម្មិត សម្រាប់ទីតាំងទាំងនោះក្នុងកម្រិតផ្សេងៗពីគ្នា។ ស្ថានីយអវកាសរបស់ OAC បង្កើតឡើងដើម្បីបម្រើទាំងភ្នាក់ងារអវកាស ឬអ្នកទេសចរអវកាស ដែលចង់សាកល្បងនូវបទពិសោធន៍ថ្មីៗ។
ផ្នែកមួយចំនួនរបស់សណ្ឋាគារនឹងលក់ទៅឱ្យអង្គការ NASA សម្រាប់ការស្រាវជ្រាវ ខណៈផ្នែកមួយចំនួនធំ គឺទុកជាកន្លែងកម្សាន្ដ ភោជនីយដ្ឋាន ឬបារ៍សម្រាប់ភ្ញៀវ។ យោងតាមគេហទំព័រ Space.com ឫសគល់នៃគម្រោងនេះគឺបានដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីលោក John Blincow បានបង្កើតមូលនិធិ The Gateway នៅឆ្នាំ២០១២ ដែលមូលនិធិនេះគឺជាស្ថាបនិករបស់ OAC ៕


អត្ថបទ៖ លីដា
ប្រភព៖ Unilad
- Share This Post:






