អន្តរជាតិ

ប្រទេសនៅអឺរ៉ុបចំនួន ៣​ បានផ្អាកការប្រើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទមួយនេះ ដោយសារបញ្ហាកំណកឈាមបន្ទាប់ពីចាក់វ៉ាក់សាំងរួច

BY
autoadmin
March 12, 2021

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Deutsche Welle បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលនៃប្រទេសដាណឺម៉ាក ន័រវែស និងអ៊ីស្លង់ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ បានផ្អាកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca ជាបន្ទាន់ បន្ទាប់ពីបានរកឃើញថា វ៉ាក់សាំងបានបណ្ដាលឱ្យមានបញ្ហាកំណកឈាមធ្ងន់ធ្ងរ នៅក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួច។

អាជ្ញាធរសុខាភិបាលនៃប្រទេសដាណឺម៉ាក បានបញ្ជាឱ្យមានការផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់ AstraZeneca រយៈពេល ១៤ថ្ងៃ បន្ទាប់ពីរកឃើញតំណភ្ជាប់រវាងវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ AstraZeneca និងអ្នកដែលបានចាក់វ៉ាក់សាំងនោះរួច។ អាជ្ញាធរបានបន្ថែមថា ឥឡូវនេះពួកគេមិនអាចសន្និដ្ឋានបានទាំងស្រុងចំពោះបញ្ហានោះទេ ដូច្នេះពួកគេនឹងបន្ដធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ លើបញ្ហាធ្វើទុក្ខរហូតដល់មានកំណកឈាមបែបនេះ។

មិនមែនត្រឹមតែប្រទេសទាំង ៣ ខាងលើ បានផ្អាកការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca នោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ដដែលនោះផងដែរ ប្រទេសអ៊ីតាលីបានផ្អាកមិនឱ្យប្រើប្រាស់វ៉ាក់សាំងបាច់ថ្មី (batch) របស់ AstraZeneca តទៅទៀត ខណៈដែលប្រទេសអូទ្រីសបានបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំងនេះតែម្ដង ដើម្បីរង់ចាំការស៊ើបអង្កេតលើករណីស្រដៀងគ្នានេះជាមុនសិន។ ចំណែកប្រទេសអេស្តូនៀ លីទុយអានី លុចសំបួ និងឡាតវីយ៉ា ក៏បានបញ្ឈប់ការចាក់ថ្នាំបង្ការនោះដូចគ្នា ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Deutsche Welle

Share This Post: