ដកកាំបិតភ្ជង់គម្រាមច្រានទម្លាក់ពីលើផ្ទះ ព្រោះសង្ស័យលបមើលខ្លួនរួមភេទជាមួយប្រពន្ធ
សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីប្រើ ហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកូនកាំបិត ភ្ជង់គម្រាមច្រានទម្លាក់ពីលើផ្ទះបណ្តាលឲ្យរបួសធ្ងន់) នៅភូមិដើម ស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៨ និង៣០នាទី នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យមានឈ្មោះថាច់ រី ហៅ ខ្លូយ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុ ចំណែកឯជនរងគ្រោះឈ្មោះសួង មៃសាន់ ហៅ ប៉េះ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវ បេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរកាត់មុខផ្ទះជនសង្ស័យ(ចំណុចកើតហេតុ) រួចជនសង្ស័យហៅជនរងគ្រោះ សួរនាំរឿងកាលពីថ្ងៃមុនថា ជនរងគ្រោះ បានលបមើលជនសង្ស័យ រួមរ័ក្សជាមួយប្រពន្ធ? តែជនរងគ្រោះឆ្លើយថា ពុំបានលួចមើលទេ! ជនសង្ស័យក៏ចាប់ទាញជនរងគ្រោះឡើងទៅលើផ្ទះឈើរបស់ខ្លួនកម្ពស់០២ម៉ែត្រ ហើយចាប់គ្រៀកកយកកូនកាំបិតភ្ជង់គម្រាមជនរងគ្រោះឲ្យឆ្លើយសារភាព ពេលនោះជនរងគ្រោះនៅតែឆ្លើយ បដិសេធ ក៏មានការប្រតាយប្រតប់គ្នា ស្រាប់តែជនសង្ស័យច្រានជនរងគ្រោះទម្លាក់ពីលើផ្ទះមក ដីបោកចំថ្ងាសពកបណ្តាលឲ្យសន្លប់បាត់ស្មារតី ក៏មានអ្នកជិតខាងមកជួយ និងទាក់ទងប្តឹងទៅសមត្ថកិច្ចយើងចុះ ទៅឃាត់ខ្លួនជនសង្ស័យយកមក ទីស្នាក់ការប៉ុស្តិ៍ ធ្វើការសាកសួរ។ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកច្បារអំពៅដកហូតបានៈ កាំបិតបុ័ងតោ០១ដើម។ជនសង្ស័យឈ្មោះ ថាច់ រី ប្រើប្រាស់គ្រឿង ញៀនរយៈពេល០១ឆ្នាំ។ ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនិតីវិធី ។
