ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យោធាមីយ៉ាន់ម៉ាបានចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី ពីបទទទួលយកប្រាក់ ៦០ម៉ឺនដុល្លារ និងមាស ១១គីឡូក្រាម ដោយខុសច្បាប់បន្ថែមទៀត

    BY autoadmin March 12, 2021
    យោធាមីយ៉ាន់ម៉ាបានចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី ពីបទទទួលយកប្រាក់ ៦០ម៉ឺនដុល្លារ និងមាស ១១គីឡូក្រាម ដោយខុសច្បាប់បន្ថែមទៀត

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា មេដឹកនាំយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី ពីបទទទួលយកប្រាក់ខុសច្បាប់ចំនួន ៦០ម៉ឺនដុល្លារ និងមាសចំនួន ១១គីឡូក្រាម ដែលនេះគឺជាការចោទប្រកាន់យ៉ាងថ្មីសន្លាងមួយទៀតមកលើលោកស្រី ចាប់តាំងពីរដ្ឋប្រហារកាលពីព្រឹកព្រលឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ យ៉ាងណា យោធាមីយ៉ាន់ម៉ាមិនបានបង្ហាញភស្តុតាងគាំទ្រលើការចោទប្រកាន់របស់ខ្លួននោះទេ ខណៈដែលសមាជិកសភារបស់លោកស្រី ស៊ូជី ក៏បានបដិសេធការចោទប្រកាន់នេះដូចគ្នា។

    អ្នកនាំពាក្យយោធាគឺលោកឧត្តមសេនីយ៍ទោ Zaw Min Tun បាននិយាយថា ការចោទប្រកាន់ដែលថា លោកស្រីបានទទួលយកប្រាក់ចំនួន ៦០ម៉ឺនដុល្លារ និងមាសចំនួន ១១គីឡូក្រាម ត្រូវបានធ្វើឡើងដោយលោក Phyo Mien Thein ដែលជាអតីតរដ្ឋមន្រ្តីនៃទីក្រុងយ៉ាំងហ្គោន។ លោកបានបន្ថែមថា គណៈកម្មាធិការប្រឆាំងអំពើពុករលួយកំពុងស៊ើបអង្កេតរឿងក្ដីនេះ។ លោកក៏បានចោទប្រកាន់ប្រធានាធិបតី Win Myint និងរដ្ឋមន្ត្រីខុទ្ទកាល័យជាច្រើនរូបទៀតពីបទពុករលួយផងដែរ។

    ចំណែកអ្នកនាំពាក្យរបស់លោកស្រី ស៊ូជី បាននិយាយថា វាគ្មានអ្វីចម្លែកនោះទេដែលពួកយោធាចង់បំផ្លាញបក្សរបស់គាត់ ខណៈដែលពលរដ្ឋស្លូតត្រង់ជាច្រើនត្រូវបានពួកយោធាសម្លាប់មិនប្រណី។ ជម្រាបផងដែរថា ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីដើមកុម្ភៈ បូករួមទាំងការចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកជាន់ខ្ពស់របស់លោកស្រី ការតវ៉ានៅទូទាំងប្រទេសបានចាប់ផ្ដើមមានឡើង ខណៈយោធាបានចាប់ផ្ដើមបាញ់បោះ និងប្រើអំពើហិង្សា នៅពេលដែលកម្លាំងនៃការតវ៉ារបស់ពលរដ្ឋកាន់តែមានច្រើនឡើង៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: